ឥណ្ឌាសាកល្បងមីស៊ីលនុយក្លេអ៊ែរចម្ងាយឆ្ងាយបានជោគជ័យ
នៅ ថ្ងៃអាទិត្យទី ១៥ កញ្ញា ២០១៣ នេះ ឥណ្ឌាបានបាញ់សាកល្បងមីស៊ីស នុយក្លេអ៊ែរ ប្រកបដោយជោគជ័យ។ ជាមីស៊ីលដែលមានសមត្ថភាពអាចបាញ់ដល់ក្រុងប៉េកាំងនិង ដល់អឺរ៉ុប។ នេះជាការបាញ់សាកល្បងលើកទីពីរ និងក៏ជាដំណាក់កាលដែលនាំដល់ការចាប់ផ្តើមដំណើរការផលិតអាវុធមីស៊ីល រយៈឆ្ងាយរបស់ឥណ្ឌា ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង ដូចយ៉ាងប្រទេសចិន។
ពេល នេះឥណ្ឌាកំពុងតែដេញតាមយ៉ាងប្រកិតប្រទេសជិតខាងចិននិង ប៉ាគីស្ថាន ក្នុងការពង្រឹងសមត្ថភាពនិងផលិតអាវុធនុយក្លេអ៊ែរ។ ការសាកល្បងមីស៊ីលនៅថ្ងៃអាទិត្យបានប្រព្រឹត្តទៅដោយជោគជ័យ ! មីស៊ីសបានបាញ់ចេញទៅដល់ទិសដៅ និងតាមផ្លូវដែលបានគូសទុក។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យអង្គការផ្នែកស្រាវជ្រាវនិង អភិវឌ្ឍន៍វិស័យការពារជាតិ ដែលអះអាងបន្ថែមទៀតថា ឥណ្ឌាត្រៀមរួចជាស្រេចនឹងដំណើរការផលិតមីស៊ីលរយៈឆ្ងាយនេះ។
បើតាមវីដេអូផ្សព្វផ្សាយ កាំជ្រួចមីស៊ីល អាញី-៥ “Agni-V” ដែលបានបាញ់ចេញពីកោះមួយស្ថិតនៅតាមបណ្តោយឆ្នេរខាងកើត មួយភាគធំផលិតនិងផ្គុំដោយម្រាមដៃឥណ្ឌា និងមានសមត្ថភាពបាញ់បានចម្ងាយប្រមាណ៥០០០គ.ម.។ ក្នុងការសាកល្បងលើកទីមួយ នៅខែមេសា ឆ្នាំ២០១២ កាំជ្រួច Agni –V អាចបាញ់ដល់ត្រឹមប្រទេសប៉ាគីស្ថាន និងភាគខាងលិចប្រទេសចិនតែប៉ុណ្ណោះ។
សូមបញ្ជាក់ ក្នុងរយៈពេលចុងក្រោយនេះ ឥណ្ឌាបានបង្ហាញមហិច្ឆតាយោធាកាន់តែខ្លាំងឡើង និងចង់បង្ហាញពីសមត្ថភាពប្រកួតប្រជែងជាមួយនឹងចិន ដែលក៏កំពុងស្ទុះឡើងខ្លាំងក្នុងវិស័យយោធាដែរ។ ដូច្នេះការពង្រឹងសមត្ថភាពនុយក្លេអ៊ែរ អាវុធដ៏មានមហិទ្ធិរិទ្ធបំផុតនៅលើលោក គឺជាការចាំបាច់ សម្រាប់ប្រឈមនឹងប្រទេសជិតខាង ដូចយ៉ាងប៉ាគីស្ថាននិងចិន ដែលសុទ្ធតែមានគ្រាប់បែកនុយក្លេអ៊ែរ។
គិតចាប់ពីមានការប៉ះទង្គិចគ្នាបន្តិចបន្តួចនៅឆ្នាំ១៩៦៧ នៅតំបន់ហ៊ីម៉ាឡាយ៉ា មក ចិន និងឥណ្ឌា មានទំនាក់ទំនងស្អិតល្មួតនឹងគ្នាណាស់ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប៉ុន្តែការដាក់ពង្រាយកម្លាំងប្រដាប់អាវុធនៅតាមបណ្តោយព្រំដែន នៅតែប្រភពនៃការប្រទាញប្រទង់ និងសម្ពាធតានតឹងដាក់គ្នា ជារឿយៗ៕ដោយ អៀង សុខម៉ិញ (RFI)