លទ្ធផល កិច្ចប្រជុំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ព្រមព្រៀង ៣ ចំណុច
ភ្នំពេញ៖ កិច្ចប្រជុំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជាង ៤ ម៉ោង បានបិទបញ្ចប់ កាលពីម៉ោងប្រមាណ ១ និង ៣០ នាទី ដោយព្រមព្រៀងគ្នា ចំនួន ៣ ចំណុច។ ក្នុងនោះ រួមមាន ការឯកភាពគោរពតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ការកែទម្រង់ការបោះឆ្នោត និងការព្រមព្រៀងជួបប្រជុំដោះស្រាយបន្ត តាមគ្រប់កំរិត។
សេចក្តីប្រកាសរួម នៃលទ្ធផលកិច្ចប្រជុំ ត្រូវបានប្រកាសដោយលោក ប្រាក់ សុខុន តំណាងគណបក្សប្រជាជនកម្ពុជា និងលោក យឹម សុវណ្ណ តំណាងគណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែត នៅរដ្ឋសភា នាម៉ោងជិត ២ រសៀលនេះ។
កិច្ចប្រជុំកំពូល បានឯកភាពគ្នា ៣ ចំណុច៖
១- ឯកភាព គោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ ចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីកុំឲ្យមានអំពើហិង្សារវាងក្រុមបាតុករ និងក្រុមសមត្ថកិច្ច
២-ឯកភាព ធ្វើការកែទម្រង់សម្រាប់ការបោះឆ្នោតខាងមុខ
៣-ថ្នាក់ដឹកនាំគណបក្សទាំងពីរ បានឯកភាពគ្នាថា នឹងមានការជួបប្រជុំគ្នាតទៅទៀត តាមគ្រប់កំរិត។
សេចក្តីប្រកាសរួមពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានចុះហត្ថលេខាដោយសម្តេចហ៊ុនសែន លោកសខេង លោកសាយឈុំ នៅខាងគណបក្សប្រជាជនកម្ពុជា និងខាងគណបក្សសង្គ្រោះជាតិ ចុះហត្ថលេខាដោយលោក សមរង្ស៊ី លោកកឹមសុខា និងលោក ប៉ុល ហំម៕ Cambodia News