ព្រឹកនេះ ​សម្តេច ​ហ៊ុន ​សែន ​និង​សម ​រង្ស៊ី ​ជួបទ​ល់មុខ​គ្នា ​ក្នុង​ព្រះ​​បរម​រាជ​វាំង​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា​នេះ ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួបប្រជុំ​ទល់មុខ​គ្នា ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ក្រោម​ព្រះរាជាធិបតី​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ក្នុង​ព្រះបរមរាជវាំង​។​ ​

Cam2ការប្រជុំ ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង បានធ្វើ​ឡើង បន្ទាប់ពី​ព្រះមហាក្សត្រ បានចេញ​ព្រះរាជសារ​អញ្ជើញសម្តេច​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣​។

សមាសភាព​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​ចូលរួម​ប្រជុំ រួមមាន សម្តេច​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង​។

​​ចំ​ណែកថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចូលរួម​ប្រជុំ​ក្រោម​ព្រះរាជា​អធិបតីភាព​របស់​ព្រះមហាក្សត្រ មាន ៣ រូប​ដែរ គឺ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន និង​លោកស្រី ជូ​ឡុង សូ​មូរ៉ា​។​ ​

​លោក ជាម យៀប សមាជិក​ជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា ព្រះមហាក្សត្រ មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​សម្របសម្រួល ដោះស្រាយ​បញ្ហា​បោះឆ្នោត ធ្វើជា​អាជ្ញាកណ្តាល ហើយ​ព្រះអង្គ ហៅ​មេដឹកនាំ​បក្ស​ទាំងពីរ​ជួបប្រជុំ  ព្រោះ​ព្រះអង្គ ចង់ដឹងថា តើ​គណបក្ស​នីមួយៗ ចង់បាន​អី ហើយ​ត្រូវ​ដោះស្រាយ​យ៉ាងណា ដើម្បី​រក្សា សន្តិសុខ និង​ស្ថិរភាព​ជាតិ​។​

​លោក ជាម យៀប បន្តថា កិច្ចប្រជុំ​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះអង្គ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ អាច​ជជែក​គ្នា​រឿង​ការបែងចែក​តួនាទី​នៅ​សភា ហើយ​លោក​សង្ឃឹមថា មាន​លទ្ធផល​វិជ្ជមាន ច្រើនជាង​អវិជ្ជមាន​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ជាម យៀប បាន​បញ្ជាក់ថា តែ​ទោះជា​យ៉ាងណាក៏ដោយ ការកោះប្រជុំ​សភា​ថ្មី លើកដំបូង នា​ថ្ងៃទី​២៣​កញ្ញា មិនអាច​នឹង​លើក​ពេល​ទេ​។ ព្រះមហាក្សត្រ នឹងមិន​ដកថយ ឬ​ពន្យារពេល​នោះទេ​៕ Cambodia News

Related Articles

Back to top button
Close
Close