វិទ្យាស្ថានអាមេរិក៖កូរ៉េខាងជើងប្រហែលជាបានដាក់ឲ្យដំណើរការនូវម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ
របបកូរ៉េខាងជើងប្រហែលជាបានដាក់ឲ្យ ដំណើរការនូវម៉ាស៊ីនប្រតិករនុយក្លេអ៊ែររបស់ខ្លួននៅមជ្ឈ មណ្ឌល នុយក្លេអ៊ែរ Yongbyon ដែលជាទីកន្លែងផលិតសារធាតុភ្លុយតូញ៉ូម នេះជាការបញ្ជាក់របស់វិទ្យា ស្ថានអាមេរិក កូរ៉េនៃសាកលវិទ្យាល័យ Johns-Hopkins ដែលមានទីស្នាក់ការនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ យោងតាមវិទ្យាស្ថានអាមេរិកំាងដដែល នេះជាទង្វើមួយដែលនឹងអាចអនុញ្ញាតឲ្យកូរ៉េខាងជើងអាចពន្លឿន កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ភាព មន្ទិលសង្ស័យត្រូវបានធ្វើឡើងដោយសំអាងលើរូបភាពថតដោយ ផ្កាយរណបកាលពីថ្ងៃទី៣១ សីហាកន្លងទៅ។ រូបភាពនោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវផ្សែងចំហាយព័ណ៌ស ចេញពី អាគារមួយដែលមានតម្កល់ម៉ាស៊ីនប្រតិករមួយកម្លំាង ៥មេហ្កាវ៉ាត់នៅខាងក្នុងនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon។ គឺតាមរយៈរូបភាពថតដោយផ្កាយរណបនោះឯងដែលបានធ្វើឲ្យវិទ្យាស្ថាន អាមេរិក កូរ៉េនៃសាកលវិទ្យាល័យ Johns-Hopkins ដែលមានទីស្នាក់ការនៅក្នុងទីក្រុងវ៉ាស៊ីនតោនទាញសេចក្តីសន្និដ្ឋាន ថា របបក្រុងព្យុងយ៉ាងប្រហែលជាបាននិងកំពុងដាក់ឲ្យដំណើរការ ម៉ាស៊ីនប្រតិករនុយក្លេអ៊ែររបស់ខ្លួន។
យោង តាមវិទ្យាស្ថានអាមេរិកំាងដដែល ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនោះអាចផលិតបានសារធាតុភ្លុយតូញ៉ូមចំនួន ៦គីឡូក្រាមក្នុងមួយឆ្នំា និងដែលរដ្ឋអំណាចកូរ៉េខាងជើងអាចយកវាទៅប្រើក្នុងការបង្កើនបន្តិច ម្តងៗនូវទំហំក្បាលអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ខណៈនេះ នៅមិនទាន់មានប្រតិកម្មយ៉ាងណាពីទីភ្នាក់ងារថាមពលអន្តរជាតិចំពោះ ការលើកឡើងរបស់វិទ្យាស្ថានអាមេរិកំាងនោះទេ។
កាលពីខែមេសាកន្លងទៅ កូរ៉េខាងជើងធ្លាប់បានប្រកាសឲ្យដឹងពីគម្រោងដាក់ឲ្យដំណើរការ ម៉ាស៊ីនប្រតិករនុយក្លេអ៊ែររបស់ខ្លួនដែលបានផ្អាកដំណើរការកាលពី ឆ្នំា ២០០៧ នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងអន្តរ ជាតិគំាទ្រដោយសហរដ្ឋអាមេរិក។
អ្វីជាការកត់សម្គាល់ ការលើកឡើងរបស់វិទ្យាស្ថានអាមេរិកពេលនេះបានធ្លាក់មក ចំពេលដែលភាពតានតឹងរវាងរបបក្រុងព្យុងយ៉ាង និងសហគមន៍អន្តរជាតិបានស្គាល់ភាពធូរស្រាលមួយកម្រិត បន្ទាប់ពីបានឡើងតានតឹងដល់កំពូលនៅក្រោយការសាកល្បងនុយក្លេអ៊ែរលើក ទី៣របស់កូរ៉េខាងជើងកាលពីខែកុម្ភៈ បន្តដោយការគំរាមវាយប្រហារសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមអ្នកឯកទេសលោកខាងលិចនៅតែមិនទាន់អាចសន្និដ្ឋានបានទេថា តើការសាកល្បងនុយក្លេអ៊ែរលើកទី៣របស់កូរ៉េខាងជើងពេលនោះ មានផ្ទុកដោយសារធាតុភ្លុយតូញ៉ូម ឬមួយក៏អ៊ុយរ៉ាញ៉ូមដូចការសាកល្បងកាលពីឆ្នំា ២០០៦ និង២០០៩ ឬអត់ទេ៕ដោយ គួច គន្ធារ៉ា (RFI)