ចិន​ចង់​កាត់​បន្ថយ​ផ្សែង​ពុល​មួយ​ភាគ​បួន​​ ក្នុង​ក្រុង​ធំៗ​នៅឆ្នាំ​២០១៧

ចាប់ ​ពី​ពេលនេះ​ដល់​ឆ្នាំ​២០១៧ ចិន​នឹង​កាត់​បន្ថយ​ផ្សែង​ពុល​បរិស្ថាន​ ឱ្យ​បាន​មួយ​ភាគ​បួន​ នៃ​កំរិត​ពុល​បច្ចុប្បន្ន​ នៅ​តាម​បណ្តា​ក្រុង​ធំៗ សំខាន់​ៗ​របស់​ចិន មាន​ជាអាទិ៍​ក្រុង​ប៉េកាំង សៀងហៃ​ ។ល។ និង​។ល។ នេះ​បើ​តាម​ឯកសារ​ផ្លូវការ​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃព្រហស្បតិ៍​ ម្សិលមិញ។

កំរិត ​ផ្សែង​ពុល​ក្នុង​បរិយាកាស ដែល​ពោរពេញ​ទៅដោយ​សារធាតុ​ល្អិត​ឆ្មារៗ​ នៅប៉េកាំង​និង​តំបន់​ជុំ​វិញ​ នឹង​ត្រូវ​កាត់​បន្ថយ​ឱ្យ​ធ្លាក់​ទាប​ជាង​ឆ្នាំ​២០១២ ចំនួន​២៥%។ ឯ​នៅ​សៀងហៃ ឬ​ កង់តុង ព្រមទាំង​ក្រុង​ធំៗ​សំខាន់​ផ្សេងទៀត ការ​កាត់​បន្ថយ​ត្រូវ​ធ្វើ​ដោយ​សន្សឹមៗ​ ពោល​គឺ​បញ្ចុះ​ពី​១០​ទៅ ២០% នៅ​ឆ្នាំ​២០១៧។ នេះ​ជា​ផែនការ​ដែល​ក្រុមប្រឹក្សា​រដ្ឋ​បាន​ដាក់​ចេញ​ និង​ផ្សព្វផ្សាយ​ជា​ សាធារណៈ​នៅ​លើ​ទំព័រ​ផ្លូវការ​របស់​រដ្ឋាភិបាល។

សូម​បញ្ជាក់​ថា​ ​បរិយាកាស​ពុល​ នៅ​តាម​ទីក្រុងចិន​​ បាន​កើន​ឡើង​ដល់កំរិត​កំពូល​ កាលពី​ឆ្នាំ​២០១២កន្លង​ទៅ ពោល​គឺ​​​កំរិត​សារធាតុ​ល្អិតឆ្មារៗ PM២,៥ បាន​ឡើង​ហួស​​កំរិត​អនុញ្ញាត​ដោយ​អង្គការសុខភាព​ពិភពលោក​ដល់​ទៅ៤០ដង​  នៅទីក្រុង​ប៉េកាំង។ ខ្យល់​ពុល​ បរិយាកាស​លាយលំ​ទៅ​ដោយ​សារធាតុ​ល្អិតៗ បាន​បង្ក​បណ្តាជន​រាប់​ពាន់​នាក់​ស្លាប់​មុន​អាយុ និង​ប៉ះពាល់​ដល់​កិត្តិយស​ក្រុង​យ៉ាង​ខ្លាំង។ ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ ចំនួន​​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះប្រមាណ​​ ​១៥%​បាន ចំពោះ​​ក្រុង​ប៉េកាំង។

ប្រឈម​មុខ​នឹង​ផល​វិបាក​ជាក់​ស្តែង​បែប​នេះ ​រដ្ឋាភិបាល​ចិនត្រូវ​បង្ខំ​ចិត្ត​ចាត់​វិធានការ​​​កាត់​បន្ថយ​ការ​បំពុល​ បរិស្ថាន ដោយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​​​ធ្យូង​ថ្ម​​  ព្រោះ​ជា​ប្រភព​ចម្បង​មួយ​នាំ​ឱ្យ​មាន​ផ្សែងពុល។ ​ចិន​ ​ជាប់​លេខ​មួយ​ខាង​ថាមពល​ធ្យូង​ថ្ម​ និង​តំណាង​ឱ្យ​៥០%​នៃ​តម្រូវការពិភពលោក​។ ថាមពល​ដើរ​ធ្យូងថ្ម ដែល​​បើ​តួលេខ​អាមេរិក ​ផ្គត់​ផ្គង់​ឱ្យ​ប្រមាណ​​៧០%​នៃ​តម្រូវការ​ក្នុង​ ស្រុក​នៅ​ឆ្នាំ​២០០៩  នឹង​ត្រូវ​ទម្លាក់​មក​​ត្រឹម​តែ​៦៥%​វិញ​នៅ​ឆ្នាំ​២០១៧។

ថ្វីដ្បិត​ជា​ការ​កាត់​បន្ថយ​បន្តិច​ម្តងៗ​ក៏ដោយ​ ក៏វិធានការ​កំពុង​ឈាន​ឆ្ពោះទៅ​រក​ការគ្រប់គ្រង​តម្រូវ​ការ​​ធ្យូងថ្មក្នុង​ ពេល​ឆាប់ៗនេះ។ ប៉ុន្តែ​ដើម្បី​​ឱ្យ​ការ​កាត់​បន្ថយ​ផ្សែង​ពុល​ក្នុង​បរិស្ថាន​​ កាន់​តែ​មាន​ប្រសិទ្ធិភាព​ ចាំ​បាច់​ត្រូវ​តែ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធ្យូងថ្ម ក្នុងផ្នែក​ផ្សេង​ៗ​ទៀត មិន​មែន​តែ​ក្នុង​វិស័យរោងចក្រ​​អគ្គិសនីដើរ​ដោយ​ធ្យូង​ថ្ម​ប៉ុណ្ណោះ​ទេ។ នេះ​តាម​ការ​ព្រមាន​របស់​លោកស្រី Li Yan អ្នក​ទទួល​បន្ទុក​ឃោសនា​អាកាសធាតុ​និង​ថាមពល​អង្គការ​Greenpeace ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close