ជប៉ុន​​​ប្រុងប្រយ័ត្ន​ខ្ពស់​ មួយឆ្នាំ​ក្រោយ​ការ​ដាក់កោះ​៣​នៅ​សេនកាគូ​ជា​កម្មសិទ្ធិ​ជាតិ​

ថ្ងៃ​ពុធ​​​ទី​១១កញ្ញា​​​នេះ ជាថ្ងៃ​​ខួប​មួយឆ្នាំ​ ដែល​ជប៉ុន​បាន​​ដាក់​កោះ​ចំនួន​៣ នៅ​​​ប្រជុំកោះ​សេនកាគូ នៅសមុទ្រ​ចិន​ខាងកើត​ ​អោយ​ក្លាយជា​កម្មសិទ្ធិ​ជាតិ​ជប៉ុន។ នៅ​ថ្ងៃ​ខួប​មួយឆ្នាំ​នេះ​​ នាវាល្បាត​ជប៉ុន​បាន​ត្រៀម​លក្ខណៈ​ប្រុងប្រយ័ត្នខ្ពស់​ ព្រោះថា ប្រជុំកោះ​សេនកាគូ ក៏ជា​ដែនកោះ​ដែល​​ចិន​ដណ្តើម​បូរណភាព​ជាតិចិន​​ផងដែរ។ នៅថ្ងៃពុធ​នេះ នៅ​​តំបន់​ជម្លោះ​នេះ កប៉ាល់​ជប៉ុន​និង​កប៉ាល់​ចិន ​បាន​បង្ហាញ​វត្តមាន​ នៅ​ប្រកៀក​ក្បែរៗគ្នា។

នៅ​ថ្ងៃពុធ​នេះ ក្នុង​ឱកាស​ខួបមួយឆ្នាំ​ ក្រោយការ​ដាក់​កោះ​ចំនួន​៣ នៅ​ប្រជុំកោះ​ជម្លោះ​សេនកាគូ ​ នៅ សមុទ្រ​ចិន​ខាងកើត អោយ​ក្លាយជា​កម្មសិទ្ធិ​ជាតិ​ជប៉ុន នាវាល្បាត​ជប៉ុន​បាន​ធ្វើការ​​ប្រុងប្រយ័ត្នខ្ពស់​ ចំពោះ​សកម្មភាព​​ជា​យថាហេតុ​​ណាមួយ​ ដែល​អាច​​បង្ក​នៅ​ក្នុង​តំបន់​ជម្លោះ​​នេះ។​ ​គួរ​រំលឹកថា ​ប្រជុំកោះ​សេនកាគូ​ជា​ដែន​ជម្លោះ​ដែលចិន​និង​ជប៉ុន បានទាមទារ​បូរណភាព​រៀងៗខ្លួន។

​នាវាល្បាត​ចិន​ចំនួន​៤​ បាន​​ចូលទៅ​ក្បែរ​តំបន់​ជម្លោះ នៅព្រឹក​ថ្ងៃ​ពុធ​នេះ។ កប៉ាល់ជប៉ុន​ក៏បាន​បង្ហាញ​វត្តមាន​ខ្លួន​ នៅក្បែរ​នាវា​ចិន​ទាំងនោះ​ ដើម្បី​ទប់ស្កាត់​មិន​អោយ​នាវាចិន​ចូល​មក​ក្នុង​ដែនទឹក​ខ្លួន​បាន។ នាវាល្បាត​ចិន​ទាំង​៤​ ស្ថិត​ក្នុង​ចំណោម​កងនាវា​តូចៗ​ចិន​ចំនួន​៨ ដែលបាន​បរចូល​មក​កាន់​ដែន​កោះ​ជម្លោះ​សេនកាគូ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

​​លោក យូម៉ា មីយ៉ៃកូ ជា​អ្នកទទួល​ខុសត្រូវ​​នាវាល្បាត​ជប៉ុន​មួយរូប បានប្រាប់​ថា ប្រទេស​​​មួយ​​​​​ មានសិទ្ធិ​បណ្តេញ​នាវា​យោធា​​បរទេស​​ អោយចាកចេញ​ពី​ដែន​ទឹក​ខ្លួន​បាន ស្របតាម​​​អនុសញ្ញា​នៃ​អង្គការ​សហ ប្រជាជាតិ។ ប៉ុន្តែ​ អនុសញ្ញា​នេះ​​មិន​មាន​ចែង​ច្បាស់លាស់​​ អំពី​ករណី​នាវាល្បាត​នោះទេ។ ដូច្នេះ ជប៉ុន​មិន​អាច​អនុវត្ត​​អនុសញ្ញា​នេះ ដើម្បី​បណ្តេញ​នាវាល្បាត​ចិន​បានឡើយ។ ជប៉ុន​មាន​តែ​​ប្រើច្បាប់​ជាតិ​ខ្លួន សុំ អោយ​នាវា​ចិន​ទាំងនោះចាកចេញ​ពី​ដែនទឹកជប៉ុន​​តែប៉ុណ្ណោះ។

គួរ​រំលឹកថា កាលពី​ថ្ងៃ​១១កញ្ញា​ ឆ្នាំ​២០១២ ជប៉ុន​បាន​ទិញ​យកកោះ​ចំនួន​៣ ក្នុង​ចំណោម​កោះ​សរុប​ចំនួន​​​៥ នៅ​ប្រជុំកោះ​ជម្លោះ​សេនកាគូ ដាក់​អោយ​ក្លាយជា​កម្មសិទ្ធិ​ជាតិ​ខ្លួន។ តាំងពី​ពេលនោះ ចិន​មាន​ការក្តៅ ក្រហាយ​ខ្លាំង​ ហើយ​បាន​បញ្ជូន​នាវា​ខ្លួន ជាបន្តបន្ទាប់​ទៅកាន់​ទីនោះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close