អាម៉េរិក និងរុស៊្សីនៅតែខ្វែងគំនិតគ្នាលើដំណោះស្រាយក្នុងវិបត្តិនៅស៊ីរី
មានសេចក្ដីរាយការណ៍មកថា រុស្ស៊ីបានប្រគល់ព័ត៌មានលម្អិតអំពីផែនការបញ្ឈប់អាវុធគីមីក្នុងវិបត្តិសង្គ្រាម ស៊ីវិលនៅស៊ីរី ទៅឲ្យទីក្រុងវ៉ាស៊ីនតោនហើយ ។
លោក John Kerry រដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានធ្វើដំណើរទៅកាន់ទីក្រុង ហ្សឺណែវ ដើម្បីពិភាក្សាអំពី ផែនការរបស់រុស្ស៊ីក្នុងការដកអាវុធគីមីពី ប្រទេសស៊ីរី ។
សេចក្តី លម្អិតពីការពិភាក្សានេះមិនទាន់បានដឹងនៅឡើយទេ ប៉ុន្តែទាំងអាម៉េរិក និងរុស៊្សី នៅតែមានការខ្វែងគំនិតគ្នា ចំពោះការគំរាមប្រើកម្លាំងទ័ពក្នុងការដោះស្រាយវិបត្តិនៅស៊ីរី។ ប្រទេសរុស្ស៊ី អះអាងថា ការចរចានឹងមិនអាចមានឡើយ ប្រសិនបើអាម៉េរិកនៅតែមិនបញ្ឈប់ផែនការគំរាមវាយប្រហារលើស៊ីរីនោះ។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិក បានឲ្យដឹងថា មានតែការប្រើប្រាស់កម្លាំងទ័ពទេ ទើអាចបង្កើនល្បឿនចរចាផ្លូវទូតបាន ។
មកត្រឹមពេលនេះ សហរដ្ឋអាម៉េរិក ចង់ដឹងឲ្យច្បាស់ថា តើរុស្ស៊ី និង ស៊ីរី ពិតជាព្រមបញ្ឈប់ការប្រើអាវុធគីមី មែនឬយ៉ាងណា ហើយមិនមែនជាកលល្បិចពន្យារពេលដើម្បីជួយរបបលោក អាសាដ នៅក្នុងសង្រ្គាមស៊ីវិលនោះទេ៕ (Radio Australia)