អង្គការ​សហប្រជាជាតិ៖​​​១ភាគ៤​នៃ​បុរស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​​ធ្លាប់បាន​រំលោភ​​ស្ត្រី​​

អង្គការ​សហប្រជាជាតិ​បាន​ចុះផ្សាយ​ របាយការណ៍​​ស៊ើបអង្កេត​មួយ​ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ បង្ហាញថា បុរស​ជិត​១ភាគ៤ ​នៅតំបន់​​អាស៊ីប៉ាស៊ីហ្វិក​ ធ្លាប់​បាន​រំលោភបំពាន​រាងកាយ​លើ​​ស្ត្រីភេទ។ លទ្ធផល​នៃការស៊ើបអង្កេត​របស់​អ.ស.ប បង្ហាញ​ថា​ អំពើហិង្សា​លើ​ស្ត្រី​ គឺ​ជា​បញ្ហា​​ជាក់ស្តែង​ដែល​សង្គម​មនុស្ស​ពិបាក​​ប្រឈមមុខ។

អង្គការ ​សហប្រជាជាតិ​ បានធ្វើការ​ស៊ើបអង្កេត​​​​ទៅលើ​បុរស​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក​ ជាង​មួយម៉ឺននាក់ អាយុ​ពី​១៨ឆ្នាំ​ទៅ ៤៩ឆ្នាំ នៅក្នុង​​ប្រទេស​ចំនួន​៦ គឺ​៖ កម្ពុជា បង់ក្លាដែស ចិន ឥណ្ឌូនេស៊ី ប៉ាពូអាស៊ី-នូវេលហ្គីណេ និង​ស្រីលង្កា។ លទ្ធផល​បង្ហាញថា បុរស​ជិត​១ភាគ៤ ​នៅតំបន់​​អាស៊ីប៉ាស៊ីហ្វិក​ ធ្លាប់​បាន​រំលោភបំពាន​រាងកាយ​លើ​​ស្ត្រីភេទ។

ការស៊ើបអង្កេត ​នេះ​មានលក្ខណៈ​ថ្មី​ពិសេស​មួយ គឺថា អ្នកស៊ើបអង្កេត​បាន​ចំណាយពេល​វេលា​ជួប​ផ្ទាល់​ជាមួយ​បុរស​ទាំងនោះ ហើយ​បានចំណាយពេល​យូរ​ដើម្បី​សាក​​សួរ​ពួកគេ។​ អ្នកស៊ើបអង្កេត​បាន​​អនុញ្ញាត​អោយ​បុរស​ទាំងនោះ​ បិទបាំង​អត្តសញ្ញាណ​ពិតប្រាកដ​របស់​ខ្លួន។ នេះ​ជា​ការស៊ើបអង្កេត​ពិសេស​ ខុសពី​រាល់ដង ដែល​អ្នកស៊ើបអង្កេត​តែងតែ​សាកសួរ​ទៅ​លើនារីភេទ​ដែលរងគ្រោះ​ដោយការ​​ រំលោភបំពាន​ផ្លូវកាយ ជាជាង​ទៅលើ​ជនសង្ស័យ។

សំណួរ​ដែលចោទឡើងនោះ មិន​បាន​សួរផ្ទាល់​ថា​៖ តើ​បុរស​ទាំងនោះ​ធ្លាប់​បាន​រំលោភ​រឺ​ក៏​យ៉ាងណា​នោះទេ។ ប៉ុន្តែ​ បាន​សួរ​ថា៖ តើ​ពួកគេ​មាន​ធ្លាប់​បាន​​បង្ខំ​​នារី​ដែល​មិនមែន​ជា​ភរិយា រឺ​ក៏សង្សារ​អោយ​រួមភេទ​ជាមួយ​ពួកគេ​ដែរទេ? នៅបង់ក្លាដែស​ មាន​បុរស​តែ​ជាង​៤ភាគរយ​ប៉ុណ្ណោះ​ដែល​ឆ្លើយ​ថា ធ្លាប់​បង្ខំ​អោយ​នារី​រួមភេទ​ជាមួយ​ខ្លួន។ ផ្ទុយទៅវិញ​ នៅ​នៅ​កោះ​ប៊ូហ្កាំង​វីល នៅ​ប្រទេស​​ប៉ាពូអាស៊ី-នូវេលហ្គីណេ បុរស​ទុច្ចរិត​ទាំងនោះ​មានដល់​ទៅ​ជាង​៤០ភាគរយ​ឯណោះ។ ប៉ាពូអាស៊ី-នូវេលហ្គីណេ គឺ​ជា​ប្រទេស​ដែល​មាន​អំពើហិង្សា​លើ​ស្ត្រី​ភេទ​ខ្ពស់​បំផុត​ នៅលើ​ពិភពលោក។

ប៉ុន្តែ អ្វី​ដែល​គួរអោយបារម្ភ​ខ្លាំង​នោះ គឺថា ចំនួន​ពាក់កណ្តាល​នៃ​​​បុរស​ដែល​បាន​ទទួលស្គាល់​​ថា ខ្លួន​ធ្លាប់​រំលោភ​ស្ត្រីភេទ គឺ​ជា​យុវជន​​ស្ថិត​ក្នុង​វ័យជំទង់​នៅឡើយ ហើយ​១២ភាគរយ​ក្នុង​ចំណោម​នោះ គឺ​មានអាយុ​មិនដល់​១៥ឆ្នាំ​នោះទេ។ ហើយ​បុរសរំលោភ​ស្រី​ភាគច្រើន​ក៏​​មិន​ត្រូវ​បាន​​ផ្តន្ទា​ទោស​តាម​ច្បាប់​ នោះដែរ។

ដើម្បី​ទប់ស្កាត់​បញ្ហា​រំលោភ​ផ្លូវភេទ​នេះ អ្នក​ធ្វើរបាយការណ៍​ស៊ើបអង្កេត​នានា​ បាន​​ទទូច​អោយ​​មានវិធានការ​ដូចជា​ ជួយ​យកចិត្តទុកដាក់​លើ​ស្ត្រី​រងគ្រោះ និង​ផ្តន្ទាទោស​ជាក់ស្តែង​ប្រឆាំង​ជនពាល៕ដោយ ព្រំ សឿន សូលីណា​(RFI)

Related Articles

Back to top button
Close
Close