អាជ្ញាធរក្រុង​ អនុញ្ញាត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​បាតុ​កម្ម​ ដោយ​មិន​មាន​ការ​ហែក្បួន និង​មិន​បោះ​ជំរុំ​​

ភ្នំ​ពេញ​៖ បន្ទាប់ពី ​កិច្ចប្រជុំ​ប្រហែលជា ៣ ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១១​កញ្ញា​នេះ រវាង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ អាជ្ញាធរ​សមត្ថកិច្ច បានសម្រេច​ឯកភាព​តាម​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

b03a863a-9d88-45e0-ab9b-c354f9d540c4
កិច្ចប្រជុំពិភាក្សាលើ គម្រោងធ្វើបាតុកម្មរយៈពេល៣ថ្ងៃនៅទីលានប្រជាធិបតេយ្យ រវាងអាជ្ញាធររាជធានីភ្នំពេញ និងតំណាងគណបក្សសង្គ្រោះជាតិ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បានបញ្ជាក់​ថា អាជ្ញាធរ​សមត្ថកិច្ច អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ ធ្វើបាតុកម្ម ស្របតាម​ច្បាប់​បាតុកម្ម ចាប់ពី​ម៉ោង ៦ ព្រឹក ដល់​ម៉ោង ៦ ល្ងាច ដោយ​មិន​មាន​ការ​បោះតង់ ធ្វើ​ជំរុំ​ស្នាក់​នៅ​ពេល​យប់​នោះ​ទេ​​ រី​ឯ​ចំនួន​អ្នកចូលរួម​បាតុកម្ម ក៏​មិន​ត្រូវ​លើសពី ១​ម៉ឺន​នាក់​។​

​ប៉ុន្តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក ហូរ វ៉ាន់ លោក ម៉ៅ មុនី​វណ្ណ និង​លោក ឡុង រី ចូលរួម​ប្រជុំ នៅ​តែ​រក្សា​ជំហរ ធ្វើបាតុកម្ម​រយៈពេល ៣ ថ្ងៃ ៣ យប់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​​បោះ​ជំរុំ​តង់​កៅស៊ូ ចាប់ពី​ថ្ងៃ​អាទិត្យ ទី​១៥​កញ្ញា ដោយ​មាន​អ្នកចូលរួម​ចាប់ពី​២​ម៉ឺន​នាក់​ឡើងទៅ​។​

តំណាង​អ្នក​ដឹកនាំ ​បាតុកម្ម លោក ហូរ វ៉ាន់ បាន​បញ្ជាក់​ទៅ​កាន់​អាជ្ញាធរ​សមត្ថកិច្ច ពី​ការធានា​សន្តិសុខ​ក្នុង​ក្រុម​បាតុករ​ដែល​គណបក្ស​ប្រឆាំង មាន​ស្នាដៃ ធ្វើបាតុកម្ម ដោយ​គ្មាន​អំពើហិង្សា និង​ដោយ​សុវត្ថិភាព ក្នុង​ពេល​កន្លងមក ពិសេស​កាលពី​ថ្ងៃ​ទី​៧​កញ្ញា​។​

យ៉ាងណាក៏ដោយ លោក ឡុង ឌី​ម៉ង់ បានបញ្ជាក់​ថា ចំពោះ​ចំណុច​មិន​ទាន់​ឯកភាព​គ្នា លើ​ចំនួន​អ្នកចូលរួម និង​ការធ្វើ​បាតុកម្ម ៣ ថ្ងៃ ២៤ ម៉ោង ដោយ​បោះ​តង់​ដេក​នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ដើម​នោះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ នឹង​សុំ​គោលការណ៍​សម្រេច​ពី​ក្រសួងមហាផ្ទៃ​។​

សូម​រម្លឹកថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​មហា​បាតុកម្មអហិង្សា រយៈពេល ៣ ថ្ងៃ ៣​យប់ ចាប់ពី​ថ្ងៃ​អាទិត្យ មានបំណង​ដូច​បាតុកម្ម​លើក​មុន គឺ​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ ដើម្បី​ដោះស្រាយ​បញ្ហា​បោះឆ្នោត​៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close