មន្រ្តីសាលាក្រុង ជួបជាមួយមន្រ្តី គណបក្សសង្គ្រោះជាតិ ពីការសុំធ្វើបាតុកម្ម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះ មន្រ្តីរបស់សាលា រាជធានីភ្នំពេញ បានទទួលជួប ជាមួយមន្រ្តី មកពី គណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីការ សុំធ្វើបាតុកម្មរយៈពេល បីថ្ងៃរបស់គណបក្សសង្គ្រោះជាតិ កិច្ចប្រជុំនេះមានការចូលរួមពីលោក ភិបាលរងរាជធានីភ្នំពេញ និងតំណាងមកពី គណបក្សសង្គ្រោះជាតិ ចំនួន បីរូបផងដែរ។

ការជួបពិភាក្សាគ្នានេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានទទួលលិខិត មួយច្បាប់របស់ គណបក្សសង្រ្គោះជាតិ (CNRP) ដែលបានជូនដំណឹង ស្តីពីការ ធ្វើមហាបាតុកម្ម អហិង្សា នៅទីលាន ប្រជាធិបតេយ្យ ដោយផ្អែកតាម ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី។
យោងតាមលិខិតរបស់CNRP ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ បានជម្រាបជូនលោក អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ថា “គណបក្សសង្រ្គោះជាតិ នឹងរៀបចំធ្វើ មហាបាតុកម្មអហិង្សា សម្តែងឆន្ទៈរបស់ មហាជនខ្មែរ ក្នុង ការទាមទារឱ្យ បង្កើតគណៈកម្មការ ពិសេស ឯករាជ្យ ដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌នៃលទ្ធផល បោះឆ្នោត ថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣” ។
លិខិតដែលចុះហត្ថលេខា ដោយ លោក ម៉ៅ មុនីវណ្ណ លោក ហូរ វ៉ាន់ និង លោក គួយ ប៊ុនរឿន បានសរសេរទៀត ថា “មហាបាតុកម្មអហិង្សា ដោយសន្តិវិធីនេះ នឹងប្រារព្វធ្វើមានរយៈពេល បីថ្ងៃ ដោយចាប់ផ្តើមជួបជុំគ្នាចាប់ ពី វេលាម៉ោង ០៧ : 00 ព្រឹកថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានការសម្តែងមតិ របស់បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាព យន្តឯកសារ ការអង្គុយដោយស្ងៀមស្ងាត់ ព្រមទាំងការស្នាក់ នៅ លើទីលានប្រជាធិតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ”៕ នាង/Cambodia News