ចិន និងអ៊ូសបេគីស្ថាន​ចុះហត្ថលេខា​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា

នៅ ​ថ្ងៃចន្ទ ទី៩ កញ្ញា លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ អ៊ូសបេគីស្ថាន​ដែល​មាន​ទឹកប្រាក់​សរុប ១៥ ០០០លានដុល្លារ។ កម្មវត្ថុ​របស់​ទីក្រុង​ប៉េកំាង គឺ​សំដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អតីត​រដ្ឋ​សហភាព​សូវៀត​មួយ​នេះ ​នៅ​អាស៊ីកណ្តាល ពិសេស​ក្នុង​វិស័យ​អាជីវកម្ម​ប្រេងឥន្ធនៈ។

« អាទិភាព ​មួយ​ក្នុង​ចំណោម​អាទិភាព​របស់​យើង គឺ​បង្កើន​បរិមាណ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទំាង​ពីរ​ចិន អ៊ូសបេគីស្ថាន​ពី ៣ ៤០០លានដុល្លារ​ក្នុង​ឆ្នំា ២០១២ ឲ្យ​ដល់ ៥ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នំាៗ​ចាប់​ពី​ពេល​នេះ ដល់​ឆ្នំា ២០១៧ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នៅ​ក្នុង​សន្និសីទ កាសែត​មួយ​ជាមួយ​លោក​ប្រធានាធិបតី​អ៊ូសបេគីស្ថាន​ អ៊ីស្លាម ការីម៉ូវ។ យោង​តាម​លោក​ស៊ី ជីនពីង​ឲ្យ​ដឹង​ថា តំាង​ពី​ឆ្នំា ២០០២ ចិន​បាន​ធ្វើ​វិនិយោគ​នៅ​ក្នុង​សេដ្ឋកិច្ច​អ៊ូសបេគីស្ថាន​ចំនួន ៦ ០០០លានដុល្លារ ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​ប្រេងកាត ឧស្ម័ន អ៊ុយរ៉ាញ៉ូម ឬ​មួយ​ក៏​នៅ​ក្នុង​វិស័យ​កសិកម្ម​ដែល​សុទ្ធសឹង​ជា​វិស័យ​អាទិភាព​នៅ​ក្នុង​ កិច្ចសហប្រតិបត្តិ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទំាង​ពីរ។

ជា​ការ​ឆ្លើយ​តប​វិញ​ក្នុង​នាម​ជា​ប្រទេស​នំា​ឧស្ម័ន​ចេញ​ទៅ​ប្រទេស​ចិន លោក​ប្រធានាធិបតី​អ៊ូសបេគីស្ថាន​អ៊ីស្លាម ការីម៉ូវ​បាន​គូសបញ្ជាក់​ថា ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ចិន និង​អ៊ូសបេគីស្ថាន​មិន​ត្រូវ​បាន​ចិន​គិតគូរ និង​ភ្ជាប់​ទៅ​នឹង​បញ្ហា​នយោបាយ ឬ​មួយ​ក៏​បញ្ហា​អ្វី​ផ្សេង​ទេ។ ការ​ថ្លែង​យ៉ាង​ដូច​នេះ​មក​ពី​លោក​ប្រធានាធិបតី​អ៊ូសបេគីស្ថាន​ចង់​និយាយ​ ផ្លៃផ្កា​ឲ្យ​ក្រុមប្រទេស​លោកខាងលិច​មួយ​ចំនួន​ដែល​តែងតែ​ទិតៀន រិះគន់​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​អ៊ូសបេគីស្ថាន។

គួរ​ជម្រាប​ជូន​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​ប្រើប្រាស់​ថាមពល​ច្រើន​ជាង​គេ​ក្នុង​លោក លោក​ស៊ី ជីនពីង​កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​អាស៊ីកណ្តាល​ដើម្បី​ស្វែង​ថាមពល​ ថ្មី​ទៅ​ចញ្ចឹម​បំប៉ន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ គោលដៅ​របស់​លោក​ស៊ី ជីនពីង​ក៏​ដើម្បី​ពង្រីក​វត្តមាន​របស់​ចិន​នៅ​ក្នុង​តំបន់​ដែល​ស្ថិត​ក្រោម​ ឥទ្ធិពល​របស់​ប្រទេស​រុស្ស៊ី​ផង​ដែរ។ មុន​ប្រទេស​អ៊ូសបេគីស្ថាន លោក​ស៊ី ជីនពីង​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ធ្វើ​អាជីវកម្ម​​ឧស្ម័ន​ជាមួយ​ ប្រទេស​តួកម៉េនីស្ថាន និង​កាហ្សាក់ស្ថាន​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ដែរ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close