លោក សម រង្ស៊ី អំពាវនាវឲ្យអាជីវករផ្សារអូរឬស្សី ចូលរួមមហាបាតុកម្មនៅថ្ងៃអាទិត្យនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា នេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលដឹកនាំលោក សម រង្ស៊ី បានចុះជួបប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារអូរឬស្សី ដោយអំពាវនាវឲ្យពលរដ្ឋ ចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យសប្តាហ៍នេះ។
ឮគណបក្សសង្គ្រោះជាតិ បានព្រមានធ្វើមហាបាតុកម្មទ្រង់ទ្រាយធំ និងខ្លាំងក្លាជាងមុន រយៈពេលបីថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៥ដល់ទី១៧ខែកញ្ញា ដោយប្រជាជន មិនត្រឡប់ទៅផ្ទះនោះទេ។ គណបក្សសង្គ្រោះជាតិ លើកឡើងថា បាតុកម្មនោះ គឺដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យ ដោយមិនមានវត្តមាន គជប។
បន្ទាប់ពីព្រមានធ្វើបាតុកម្មរយៈពេលបីថ្ងៃ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា បានរៀបចំគម្រោងចុះទៅតាមបណ្តាខេត្តនានា ដើម្បីប្រមូលកម្លាំងចូលរួមមហាបាតុកម្ម។ ខេត្តទាំងនោះ មានដូចជា នៅភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ សៀមរាប និងបាត់ដំបង។
កាលពីថ្ងៃទី០៨ខែកញ្ញា គជប បានប្រកាសជាផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ ប្រហែលជា៤៨.៨ភាគរយនៃអ្នកចូលរួមបោះឆ្នោតសរុប៦.៦៣លាននាក់ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ ស្មើនឹង៤៤.៥ភាគរយ គឺ២.៩២ លានសំឡេង។តែគណបក្សសង្គ្រោះជាតិ ពហិការទទួលស្គាល់លទ្ធផលបោះឆ្នោត៕ Cambodia News