ក្រុមប្រឆាំងមូស្លីមវាយប្រហារទីក្រុងមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន
ទីក្រុង ហ្សែមបុងហ្គា (Zamboanga) ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទនេះ បានផ្អាកលែងដំណើរការ នៅពេលដែលក្រុមមូស្លីមប្រឆាំងនឹងកិច្ចចរចារសន្តិភាពជាង១០០នាក់ ប្រដាប់ដោយអាវុធធន់ធ្ងន់ ចូលវាយប្រហារ។ ទាហានយ៉ាងហោចណាស់ម្នាក់ ស្លាប់បាត់បង់ជីវិត និង៦នាក់ផ្សេងទៀតរងរបួស។
ក្រុម ប្រឆាំងមូស្លីមជាង១០០នាក់ ប្រដាប់ដោយអាវុធធន់ធ្ងន់ បានបើកយុទ្ធនាការវាយប្រហារដ៏ធំមួយទៅលើទីក្រុង ហ្សែមបុងហ្គា (Zamboanga) ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី៩កញ្ញា។
ក្រុម ប្រឆាំងនេះ បានចូលវាយប្រហារតំបន់ឆ្នេរនៃទីក្រុង ហ្សែមបុងហ្គា តាមរយៈកាណូត តាំងពីព្រឹកព្រលឹមថ្ងៃចន្ទ។ ហើយបានប៉ះទង្គិចគ្នាដោយអាវុធជាមួយកងទាហានល្បាតនៅទីនោះ ធ្វើឲ្យទាហានម្នាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស។
អាជ្ញាធរហ្វីលីពីនឲ្យដឹងថា បន្ទាប់ពីការប៉ះទង្គិចនៅឆ្នេរមួយប្រាវនោះមក ក្រុមប្រឆាំងនេះ បានចូលវាយប្រហារទីក្រុង ហ្សែមបុងហ្គា ទាំងមូល ដោយថែមទាំងបានចាប់ជនស៊ីវិលចំនួន២០នាក់ ធ្វើជាចំណាត់ខ្មាំង។ គោលដៅចម្បងនៃការទន្ទ្រានរបស់ក្រុមប្រឆាំងពេលនេះ គឺដើម្បីយកបដាបញ្ជាក់ពីភាពឯករាជ្យរបស់ពួកគេ ទៅចងនៅសាលាក្រុង ហ្សែមបុងហ្គា។ នេះបើតាមការឲ្យដឹងពីអ្នកស្រីអភិបាលក្រុង អ៊ីសាបែល គ្លីម៉ាកូ សាឡាហ្សា (Isabelle Climaco-Salazar)។
ក្រុមប្រឆាំងនេះ គឺជាអតីតក្រុមប្រឆាំងមូស្លីម MNLF ដែលដឹកនាំដោយលោក Misuari មានកំណើតតាំងពីឆ្នាំ១៩៧០មកម្ល៉េះ។ ក្រុមប្រឆាំងមូស្លីម MNLF តែងតែបានតវ៉ាប្រឆាំង ទាមទារចង់បានឯករាជ្យសម្រាប់រដ្ឋអ៊ីស្លាមនៅក្នុងតំបន់។ លោក Misuari ដែលធ្លាប់ជាមេដឹកនាំក្រុម MNLF បានយល់ព្រមចុះកិច្ចសន្យាសន្តិភាព ជាមួយរដ្ឋាភិបាលហ្វីលីពីន នៅឆ្នាំ១៩៩៦ និងបានលះបង់មហិច្ឆតាទាមទារឯករាជ្យចោលទាំងស្រុង។ ប៉ុន្តែ សមាជិកមួយចំនួនមិនគាំទ្រការសម្រេចនេះឡើយ ហើយបានបង្កើតជាក្រុមប្រឆាំងមួយថ្មី៕ដោយ អ៊ឹម រចនា (RFI)