សប្ដាហ៍​នេះ​ សភា​សហរដ្ឋ​អាម៉េរិក​នឹង​ពិចារណា​ពី​វិធាន​ការ​យោធា​ទៅ​កាន់​ប្រទេស​ស៊ីរី

លោក ​Barack Obama​ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​កំពុង​រៀបចំ​សម្រាប់​ការ​សម្ភាសន៍​តាម​ ទូរទស្សន៍​ជាតិ​ចំនួន​ ៦​ ក្នុង​កិច្ច​ព្យាយាម​មួយ​​ដើម្បី​បញ្ចុះបញ្ចូល​សាធារណជន​ដែល​នៅ​សង្ស័យ​ពី​ ភាព​ចាំបាច់​នៃ​ការ​ចាត់​វិធាន​ការ​យោធា​​​ទៅលើ​ប្រទេស​ស៊ីរី ​នៅ​មុន​ពេល​ដែល​លោក​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ ប្រទេស​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។

លោក ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក បាន​ស្នើ​ដល់​សភា​សហរដ្ឋ​អាម៉េរិក​ឲ្យ​គាំទ្រ​ចំពោះ​ការ​វាយប្រហារ​ដោយ​មាន​ កម្រិត​មួយ​ទៅ​លើ​រដ្ឋាភិបាល​ប្រទេស​ស៊ីរី​ ហើយ​នៅ​ក្នុង​សប្ដាហ៍​នេះ​សភា​ជាន់​ទាប​សហរដ្ឋ​អាម៉េរិក​នឹង​លើក​យក​បញ្ហា​ នេះ​មក​ពិភាក្សា។​

តាមរយៈ​ការ​ ស្ទាបស្ទង់​មតិ​ដែល​មាន​មក​ទល់​នឹង​ពេល​នេះ​បង្ហាញ​ថា​ លោក​ប្រធានាធិបតី​ Obama​ នឹង​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​សភា​ទេ​ លុះត្រាតែ​លោក​ប្រធានាធិបតី​អាច​បញ្ចុះបញ្ចូល​សមាជិក​សភា​ខាង​បក្ស​​ ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​នឹង​ការ​ធ្វើ​សង្គ្រាម​ ឬ​ក៏​សមាជិក​ខាង​បក្ស​​សាធារណរដ្ឋ​​មួយចំនួន​ដែល​​ដែល​មិនទាន់​មានការ​ ជឿជាក់​នោះ ឲ្យ​មក​គាំទ្រ​លោក​។​

លោក ​Denis McDonough​ ប្រធាន​ខុទ្ទការល័យ​សេតវិមាន​បាន​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធីផ្សាយ​ សន្ទនាថ្ងៃ​អាទិត្យ​ចំនួន​៥ ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ សំណួរ​សម្រាប់​សភា​នៅ​ក្នុង​សប្ដាហ៍​នេះ​គឺ​ជា​សំណួរ​ដ៏​សាមញ្ញ​មួយ​ថា​ តើ​គួរ​មាន​ផលវិបាក​អ្វីខ្លះ​ដល់​អ្នក​ដែល​បាន​ប្រើប្រាស់​ឧស្ម័ន​, អាវុធ​គីមី ​ដើម្បី​សម្លាប់​ពលរដ្ឋ​របស់​ខ្លួន​ជាង​១ពាន់​នាក់​ ដោយ​រួម​បញ្ចូល​ទាំង​កុមារ​មិន​តិច​ជាង​ ៤០០​រូប​នោះ? លោក​ក៏​បាន​ដាក់​សំណួរ​នេះ​ផង​ដែរ​ទៅ​កាន់​ពលរដ្ឋ​អាម៉េរិក​ ​និង​លោក​ប្រធានាធិបតី​ស៊ីរី​ Bashar Al Assad។​ ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាម៉េរិក​ PBS​ ​លោក​ Assad​ បាន​ឲ្យ​តម្រុយ​​ថា ​លោក​នឹង​ធ្វើ​ការ​តប​ត​វិញ​ក្នុង​ករណី​ដែល​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​ សហរដ្ឋ​អាម៉េរិក​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close