ព្រះមហាក្សត្រ អាចនឹងយាង ត្រឡប់មកវិញ នៅថ្ងៃទី១១ កញ្ញា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុនបានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា អាចនឹងយាងត្រឡប់មក ពីប្រទេសចិនវិញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ។
លោក ឈាង វុន បានអះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីគោលជំហររបស់ គណបក្សប្រជាជន កម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច ក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣ របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ នាវិមានរដ្ឋសភា។
លោកបានឲ្យដឹងថា ការប្រកាសលទ្ធផលជាផ្លូវការ របស់គ.ជ.ប បានផ្តល់យុត្តិធម៌ ដល់គណបក្ស ប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា បានទទួល ៦៨អាសនៈ គណបក្ស សង្រ្គោះជាតិ ទទួលបាន ៥៥ អាសនៈ នៅក្នុងរដ្ឋសភា ហើយបើនិយាយតាមបែបប្រជាធិបតេយ្យ គណបក្ស ដែលឈ្នះឆ្នោត ដែលមានអាសនៈច្រើននៅក្នុងសភា នឹងត្រូវទទួលតួនាទីជាអ្នករៀបចំ គណៈរដ្ឋមន្រ្តី ដើម្បីសុំ សេចក្តីទុកចិត្តពីរដ្ឋសភា។
គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេ បានយាងទៅកាន់ប្រទេសចិន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣៕ Cambodia News