កម្មកររោងចក្រប្រមាណ៤ពាន់នាក់ហែក្បួនទៅតវ៉ានៅមុខសាលារាជធានី
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកញ្ញា កម្មករដេរសំលៀកបំពាក់ឲ្យម៉ាក លីវាយ (Lyvis) នៅរោងចក្រ អែស.អិល ១ និង អែស.អិល ២ (SL) និងកម្មកររោងចក្រ ណិតធី (Netty) ប្រមាណ ៤ពាន់នាក់ បានរួមគ្នាដើរក្បួនពីរោងចក្ររបស់ពួកគាត់នៅសង្កាត់ស្ទឹងមានជ័យ ចូលទៅបិទផ្លូវព្រះមុនីវង្ស ខាងមុខសាលារាជធានីភ្នំពេញ ។
មូលហេតុដែលនាំឲ្យក្រុមកម្មករធ្វើដូច្នេះ ដោយសារតែពួកគាត់ចង់ឲ្យមានការដោះស្រាយពីស្ថាប័នពាក់ព័ន្ធដែល ពួកគាត់យល់ថា ការតវ៉ាប្រមាណ ៣សប្ដាហ៍ជាប់គ្នាឲ្យថៅកែរោងចក្រនេះគោរពច្បាប់ការងារពុំមាន ដំណោះស្រាយនោះ។
ក្រុមកម្មករកម្មការិនីបាននាំគ្នាអង្គុយស្រែកតវ៉ាដោយលើបដា និងវាយស្គរនៅលើដងផ្លូវព្រះមុនីវង្ស ដើម្បីបិទច្រកខាងមុខសាលារាជធានីភ្នំពេញ ទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់អត្ថប្រយោជន៍ចំនួន ៥ចំណុចឲ្យកម្មករ។ ការតវ៉ានេះ បានធ្វើកកស្ទះចរាចរណ៍ប្រមាណ ២ម៉ោង ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។
តំណាងកម្មកររោងចក្រ អែស.អិល គឺអ្នកស្រី ប៉ាវ ផាន់ណា បានថ្លែងថា ពួកគាត់ទាមទារនៅពេលនេះ គឺស្នើសុំឲ្យរោងចក្រផ្ដល់ប្រាក់អត្ថប្រយោជន៍ចំនួន ៥ចំណុច ឲ្យកម្មករដែលក្រុមហ៊ុនបានបញ្ឈប់ប្រមាណ ១ពាន់នាក់កាលពីថ្ងៃទី៤ កញ្ញា៖ «ទាមទាររកដំណោះស្រាយលើកមុន ១១ចំណុច តែឥឡូវ ១១ចំណុចហ្នឹង ពួកខ្ញុំសម្បទានឲ្យក្រុមហ៊ុនហើយ ព្រោះក្រុមហ៊ុនអត់មានលទ្ធភាព ហើយពួកខ្ញុំមកនេះ គឺទាមទារចំនួន ៥ចំណុច។ ទី១ គឺប្រាក់បណ្ដេញចេញ ទី២ គឺប្រាក់ជូនដំណឹង ទី៣ គឺប្រាក់ជំងឺចិត្ត ទី៤ គឺប្រាក់បំណាច់ឆ្នាំ ទី៥ គឺប្រាក់ខែលើកចុងក្រោយ»។
ប៉ុន្តែពួកគាត់បានរំសាយវិញ បន្ទាប់ពីមានការសម្របសម្រួលថា តំណាងទាំង៣ គឺសហជីព ភាគីរោងចក្រ និងអាជ្ញាធររាជធានីភ្នំពេញ នឹងចូលជួបចរចាគ្នាដោះស្រាយបញ្ហានៅល្ងាចថ្ងៃដដែល។
កម្មកររោងចក្រ អែស.អិល ដេរសំលៀកបំពាក់ម៉ាក លីវាយ បានចាប់ផ្ដើមធ្វើកូដកម្មតាំងពីថ្ងៃទី១២ ខែសីហា ទាមទារឲ្យថៅកែរោងចក្រដោះស្រាយបញ្ហាចំនួន ១១ចំណុច ដោយឈានទៅដល់ការបិទផ្លូវ ២១៧ នៅម្ដុំស្ពានដែក ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ទៀត។ ប៉ុន្តែការតវ៉ាលើកនេះ ពួកគេសុំឲ្យមានការបញ្ជាក់ឲ្យបានច្បាស់ថា តើរោងចក្រនេះបិទ ឬបន្តដំណើរការ។ ហើយថា បើបន្តដំណើរការពួកគេសុំឲ្យក្រុមហ៊ុនផ្ដល់ប្រាក់បាយជូនកម្មករ ៣ដុល្លារក្នុងមួយថ្ងៃ ដំឡើងប្រាក់ខែគោល ១៥០ដុល្លារក្នុងមួយខែ។ រោងចក្រត្រូវដកពាក្យប្ដឹងថ្នាក់ដឹកនាំសហជីពទាំងអស់ចេញពីតុលាការ និងដកទីប្រឹក្សារោងចក្រលោក មាស សុថា ចេញពីរោងចក្រ ហើយមិនត្រូវកាត់ប្រាក់ខែកម្មករនៅពេលពួកគាត់ធ្វើកូដកម្មជាដើម៕ នាង/Cambodia News