ប្រទេសបារាំងថានឹងមិនធ្វើសកម្មភាពតែម្នាក់ឯងប្រឆាំងនឹងស៊ីរីនោះទេ
ប្រធានាធិបតីបារាំង លោក Francios Hollande មានប្រសាសន៍ថា ប្រទេសរបស់លោក នឹងមិនធ្វើសកម្មភាពតែម្នាក់ឯងប្រឆាំងនឹង ស៊ីរីនោះទេ ប្រសិនបើព្រឹទ្ធសភាអាម៉េរិក បោះឆ្នោតប្រឆាំងនឹងសកម្មភាពវាយលុកស៊ីរីដោយកម្លាំងទ័ព។
លោក Francios Hollande មានប្រសាសន៍ថា ប្រទេសបារាំង នឹងបង្កើនជំនួយរបស់ខ្លួនដល់ក្រុមបះបោរក្នុងប្រទេសស៊ីរីជំនួស វិញ ប្រសិនបើអ្នកនយោបាយអាម៉េរិក បដិសេធចំពោះអន្តរាគមន៍ដោយប្រើកម្លាំងទ័ព។
មេដឹកនាំប្រទេស បារាំងរូបនេះ ថ្លែងថា លោកនៅតែសង្ឃឹមថា អាចបង្កើតកិច្ចសហការអន្តរជាតិដ៏ធំមួយ ប្រឆាំងនឹងរដ្ឋាភិបាលប្រទេសស៊ីរី។
លោក Francios Hollande មានប្រសាសន៍ថា នៅពេលដែលមានការសម្លាប់រង្គាលដោយប្រើសារធាតុគីមី, នៅពេលដែលគេបានប្រាប់ពិភពលោកទាំងមូលអំពីហេតុការណ៍នេះ, នៅពេលដែលមានភស្តុតាង, នៅពេលដែលយើងដឹងថាអ្នកណាមានកំហុស, នៅពេលនោះ ត្រូវតែមាននូវប្រតិកម្មឆ្លើយតបចំពោះហេតុការណ៍នោះ៕(Radio Australia)