រដ្ឋាភិបាលប្រេស៊ីល និងម៉ិកស៊ិកស្នើអោយវ៉ាស៊ីនតោនបំភ្លឺរឿងលួចស្តាប់ការសន្ទនា
រដ្ឋមន្ត្រី ការបរទេសប្រេស៊ីល និងរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកបានកោះហៅឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ដើម្បីស្នើអោយប្រទេសមហាអំណាចមួយនេះ បំភ្លឺព័ត៌មានដែលត្រូវបានគេផ្សាយថា ភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិកបានលបលួចស្តាប់ការសន្ទនាតាម ទូរស័ព្ទរបស់មេដឹកនាំនៃប្រទេសប្រេស៊ីល និងម៉ិកស៊ិក។
ការ កោះហៅនោះត្រូវបានធ្វើឡើងនៅថ្ងៃចន្ទម្សិលមិញ។ ប្រមុខការទូតនៃប្រទេសប្រេស៊ីល និងម៉ិកស៊ិកបានផ្ញើកំណត់ទូតទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតាម រយៈឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្នុងប្រទេសទាំង នេះ។ កំណត់ទូតដែលស្នើអោយរដ្ឋាភិបាលអាមេរិកបំភ្លឺព័ត៌មានដែលត្រូវបាន ផ្សាយថា ភ្នាក់ងារសន្តិសុខ ជាតិរបស់អាមេរិកបានលួចស្តាប់ការសន្ទនាតាមរបស់ ប្រធានាធិបតីនៃប្រទេសប្រេស៊ីល និងម៉ិក ស៊ិក ។
រដ្ឋមន្ត្រីការបទេសប្រេស៊ីល លោក ល្វី ហ្វីហ្គីរេដូ (Luis Figueiredo) បាននិយាយថា ការលបលួចចូលក្នុងប្រព័ន្ធទិន្នន័យរបស់លោកប្រធានាធិបតី ឌីលម៉ា រូសេហ្វ (Dilma Rousseff) គឺជារំលោភអធិបតេយ្យភាពរបស់ប្រេស៊ីល។ នៅឯប្រទេសម៉ិកស៊ិកឯណោះវិញ រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះបានសរសេរនៅក្នុងកំណត់ទូតអំពាវនាវ អោយ អាមេរិកបើកការស៊ើបអង្កេតទៅលើព័ត៌មានដែលថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកបានតាមដានទៅលើលោកប្រធានាធិបតី អេនរីក ពេណា នីតូ (Enrique Pena Nieto)។ រដ្ឋាភិបាលម៉ិកស៊ីកបានព្រមានអាមេរិកថា ប្រសិនបើ ព័ត៌មានស្តីពីការជ្រៀតជ្រែកលួចទិន្នន័យរបស់មេដឹកនាំម៉ិកស៊ិកនេះ គឺជាការពិតនោះ នេះគឺការរំលោភលើច្បាប់អន្តរជាតិហើយ។
គួរបញ្ជាក់ថា ព័ត៌មានស្តីពីការលបលួចរបស់ភ្នាក់ងារសន្តិសុខជាតិអាមេរិក យកទិន្នន័យរបស់មេដឹកនាំ នៃបណ្តាប្រទេសក្នុងទ្វីបអាមេរិកឡាទីន ត្រូវបានបញ្ចេញដោយអ្នកកាសែតជនជាតិអាមេរិកឈ្មោះ Greenwald ដែលអះអាងថា បានទទួលឯកសារសម្ងាត់ពីយុវជន Edward Snowden។ យុវជន Snowden បានក្លាយជាបុគ្គលដ៏ចម្រូងចម្រាស់បន្ទាប់ពី រូបគេបានទម្លាយឯកសារដែលបញ្ជាក់ថា ក្រុមចារកិច្ចរបស់អាមេរិកបានលួចស្តាប់ការសន្ទនា និងលួចទិន្នន័យរបស់រដ្ឋាភិបាលជាច្រើននៅក្នុងពិភពលោក រាប់ទាំងរដ្ឋាភិបាលនៅអឺរ៉ុបផងដែរ៕ដោយ លាង ដឺលុច