ទឹកនៅមជ្ឈមណ្ឌល Fukushima អាចបញ្ចេញចោលទៅក្នុងសមុទ្រ ក្រោយពេលបន្សាបធាតុវិទ្យុសកម្មរួច
ទឹកដែលមាននៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima ដែលបានរងគ្រោះដោយរលកយក្សស៊ូណាមី កាលពីឆ្នាំ២០១១ អាចនឹងត្រូវអាជ្ញាធរជប៉ុនបង្ហូរចោលទៅក្នុងសមុទ្រ ក្រោយពេលធ្វើការបង្សាបធាតុវិទ្យុសកម្មរួច។ នេះបើយោងតាមការប្រកាសអោយដឹង នៅថ្ងៃចន្ទទី២ កញ្ញានេះ ពីសំណាក់អាជ្ញាធរជប៉ុន ទទួលបន្ទុកផ្នែករៀបរយនុយក្លេអ៊ែរ។
នៅថ្ងៃ ចន្ទនេះ យោងតាមលោក Shunichi Tanaka ប្រធានអាជ្ញាធរជប៉ុនទទួលបន្ទុកផ្នែករៀបរយនុយក្លេអ៊ែរ អាជ្ញាធរជប៉ុនអាចនឹងសំអាតធាតុវិទ្យុសកម្មដែលមាននៅក្នុងទឹកនៅ ក្រោមដីនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima ដើម្បីបង្ហូរចោលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
លោក តាណាកា ប្រាប់ថា ការបញ្ចេញទឹកទាំងអស់នោះទៅកន្លែងណាមួយ គឺមិនអាចចៀសរួចបាន ឡើយ។ ហើយទឹកដែលអាចនឹងបង្ហូរចោលទៅក្នុងសមុទ្រនេះ ក្រោយសំអាតរួច នឹងនៅមានកម្រិតធាតុវិទ្យុសកម្មតិចតួច សមស្របតាមកម្រិតដែលអន្តរជាតិបានកំណត់ទុក ចំពោះករណីទឹកដែលមជ្ឈមណ្ឌលនុយក្លេអ៊ែរត្រូវបង្ហូរចោល។
នៅពេលនេះ ជប៉ុនត្រូវប្រឈមមុខនឹងបញ្ហាមួយទៀត គឺថាឧបករណ៍ដែលប្រើសំរាប់ត្រងធាតុវិទ្យុសកម្មឈ្មោះ ALPS បានរងការខូចខាតជាច្រើនខែមកហើយ។ ហើយទោះជាឧបករណ៍នេះនៅដំណើរការបានក្តី ក៏ឧបករណ៍នេះមិនអាចអនុញ្ញាតអោយដកអាតូមអ៊ីដ្រូសែនចេញបានដែរ។ អាជ្ញាធរជប៉ុនផ្នែករៀបរយនុយក្លេអ៊ែរ ប្រាប់ថា នឹងចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ។
ក្រោយព្រឹត្តិការណ៍រលកយក្សស៊ូណាមី ឆ្នាំ២០១១ ដែលធ្វើអោយមានការប៉ះពាល់ដល់មជ្ឈមណ្ឌលហ្វ៊ូគូស៊ីម៉ាមក ធាតុវិទ្យុសកម្មបានរាយប៉ាយទៅក្នុងលំហបរិដ្ឋាន។ អាជ្ញាធររៀបរយនុយក្លេអ៊ែរប្រាប់ថា អាតូមអ៊ីដ្រូសែននៃធាតុវិទ្យុសកម្ម មានបរិមាណតិចតួចប៉ុណ្ណោះ។
កន្លងមក ទឹកមានជាតិពុលចំណុះ៤សែនតោន បានលេចចេញនៅក្រោមដីនៅមជ្ឈមណ្ឌល ហើយត្រូវបានយកស្តុកទុកក្នុងអាងទឹកប្រមាណជាមួយពាន់។ មួយភាគនៃបរិមាណទឹកនេះ បានហូរចូលទៅសមុទ្ររាល់ថ្ងៃ ដោយសារតែជប៉ុនខ្វះខាតមធ្យោបាយទប់ទឹក។ ថ្មីៗនេះ អាងស្តុកទឹកមួយ បានបាត់បង់ទឹកដែល មានធាតុវិទ្យុសកម្មកម្រិតខ្ពស់ ប្រមាណជា៣០០តោន ដែលមួយភាគនៃទឹកនេះ បានហូរចូលទៅមហា សមុទ្រប៉ាស៊ីហ្វិក៕ ដោយ ព្រំ សឿន សូលីណា (RFI)