បក្សសង្គ្រោះជាតិប្រកាសប្ដូររបៀបធ្វើបាតុកម្ម
ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីជូនដំណឹងបញ្ជាក់សាឡើងវិញដល់សាធារណជន ថា គណបក្សនេះនឹងនៅតែរៀបចំធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃទី៧ ខែកញ្ញា នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ប៉ុន្តែមានការដូរវិធីសាស្ត្រក្នុងការតវ៉ានោះខ្លះ។

ទាក់ទងនឹងការធ្វើមហាបាតុកម្មនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែត នៅថ្ងៃទី២ ខែកញ្ញា ថា គណបក្សនឹងបង្វែរការរៀបចំ និងស្មារតីនៃបាតុកម្មអហិង្សា ទៅជាពិធីបួងសួងដើម្បីសន្តិភាព។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍បញ្ជាក់បន្ថែមថា ការធ្វើពិធីស្មិងស្មាធិ៍បួងសួងនេះ គឺជាផ្នែកមួយនៃកម្មវិធីដែលគណបក្សបម្រុងយកទៅអ្នកចូលរួមនៅក្នុង ការជួបជុំធ្វើមហាបាតុកម្មនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានពន្យល់ថា ការធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ គឺជាការធ្វើបាតុកម្មតវ៉ាអហិង្សា ដោយវិធីប្រើអារម្មណ៍ ជាជាងការតវ៉ាដោយប្រើកាយវិការ និងពាក្យសំដី៕ Cambodia News