លោក ស ខេងបញ្ជាអោយអាជ្ញាធរគ្រប់គ្រងសុវត្ថិភាពស្ថានីយ៍ប្រេងឥន្ទនៈ ពេលបាតុកម្ម
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងរាជធានី -ខេត្ត អោយបង្កើនការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់ ពិសេសការគ្រប់គ្រងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ និងរោងចក្រផលិតរំសេវគ្រឿងផ្ទុះ អោយមានសុវត្ថិភាពខ្ពស់។
ទន្ទឹមគ្នានេះ អាជីវករអ្នកលក់សាំងរាយតាមដងផ្លូវ ក៏ត្រូវបានស្នើអោយរក្សាប្រេងសាំង របស់ពួកគេនៅកន្លែងមានសុវត្ថិភាពផងដែរ។ ការណែនាំនេះត្រូវបានធ្វើឡើង ខណៈដែលគណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិជិតមកដល់។
បញ្ជារបស់លោកស ខេង ត្រូវបានធ្វើចំពោះអាជ្ញាធររាជធានី-ខេត្ត ដែលត្រូវកោះអញ្ជើញអ្នកដឹកនាំបាតុកម្មមកជួបពិភាក្សាជាមុន អំពីពេលវេលា រយៈពេល ទីតាំងនៃការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានការចាំបាច់នានាដើម្បីធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាព។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានស្នើអោយអាជ្ញាធររក្សាភាពអត់ធ្មត់ អោយបានខ្ពស់បំផុត ដើម្បីចៀសវាងការប៉ះទង្គិចជាយថាហេតុ ហើយត្រូវប្រមូលព័ត៌មានដែលទាក់ទងនឹងសកម្មភាពញុះញង់អោយមានអំពើហិង្សា ឬការបំផ្លិចបំផ្លាញ៕ នាង/Cambodia News