គ្មាន​ថ្ងៃ​ដែល​ចំនួន​មនុស្ស​ស្លាប់​ដោយ​អំពើ​ភេរវកម្ម​ចុះ​ថយ នៅ​អ៊ីរ៉ាក់

ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ដោយ​ ក្រុមភេរវករ​បាន​សម្លាប់​មនុស្ស​ជារៀងរាល់​ថ្ងៃ នៅ​ប្រទេស​អ៊ីរ៉ាក់។ យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ចុះ​ផ្សាយ កាលពីថ្ងៃ​អាទិត្យ​ទី ១​កញ្ញា នៅតែ​នៅក្នុង​អំឡុង​ខែ​​សីហា​មុន ចំនួន​មនុស្ស​ស្លាប់ ដោយ​អំពើ​ភេរវកម្ម​ហិង្សា​មាន​ដល់ ជាង​៨០០​នាក់។

នៅ​ខែ​សីហា ជនរងគ្រោះ​ស្លាប់​ដោយ​អំពើ​ហិង្សា​ប្រដាប់​អាវុធ​នៅ​អ៊ីរ៉ាក់ មាន​ចំនួន​ថយ​ចុះ បើប្រៀបធៀប​នឹង​ខែ​កក្កដា ដែល​ការវាយប្រហារ​បំផ្ទុះគ្រាប់បែក​បាន​សម្លាប់​ជន​ស៊ីវិល និង​ទាហាន​រដ្ឋាភិបាល​ដល់​ទៅ​ជាង​១០៥៧​នាក់។ គេមិន​ត្រូវ​ត្រេកអរ​នឹង​ដំណឹង​នេះ​ទេ ព្រោះ មុន និង​ក្រោយ អំពើហិង្សា​ប្រដាប់​អាវុធ​នៅ អ៊ីរ៉ាក់ គ្មាន​ថ្ងៃ​នឹង​រលុប​បាត់​ពី​អ៊ីរ៉ាក់។ សង្រ្គាម​ឈ្លានពាន​របស់​អាមេរិក ទៅលើ​អ៊ីរ៉ាក់ កាលពី​ខែ​មីនា ឆ្នាំ ២០០៣ ក្រោម​លេសថា អ៊ីរ៉ាក់​មាន​លាក់​អាវុធ​គីមី ប្រល័យលោក បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ ជួប​អស្ថិរភាព​នយោបាយ និង​អសន្តិសុខ ជា​រៀង​រហូតមក។ គេ​បាន​វាយតម្លៃថា សង្រ្គាម​រ៉ាំរ៉ៃ​ជិត​១០​ឆ្នាំ បាន​សម្លាប់​មនុស្ស ជាង​១​លាននាក់ ក្នុង​នោះ​មាន​ភាគច្រើន ជា​ប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់។

ទោះ​បីជា​សង្រ្គាម​អ៊ីរ៉ាក់​បាន​បញ្ចប់​ទៅមែន ហើយ​ទ័ព​អាមេរិក​ក៏​បាន​ដក​សឹង​តែ​អស់​ហើយ​ពី​ទឹកដី​អ៊ីរ៉ាក់ ប៉ុន្តែ អំពើ​ហិង្សា ភេរវកម្ម​នៅ​តែមាន។ យោងតាម​អ្នកតំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ចាប់តាំង​ពី​ដើម​ឆ្នាំ ២០១៣​នេះ មនុស្ស​ស្លាប់​ដោយ​អំពើ​ហិង្សា មាន​ដល់​ទៅ ជាង​៥ពាន់​នាក់ និងអ្នករបួស​មាន​ចំនួន ជាង ១២០០០​នាក់។ អំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​មាន​កាន់តែច្រើន ចាប់​តាំង​ពី​រដ្ឋាភិបាល មកពី​និកាយ​Chiites បាន​បើក​ការប្រយុទ្ធ​បង្រ្កាប​សកម្មជន និកាយ​ Sunnites ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា ជាក្រុមភេរវករ មាន​ជាប់​ទាក់ទង​ជាមួយ​បណ្តាញ​អាល់កៃដា។

រហូតមក អ្នកជំនាញការ និង​មន្រ្តីទូត​បរទេស​បាន​ក្រើនរំលឹក​ដល់​រដ្ឋាភិបាល​ថ្មី មក​ពី​និកាយ​Chiite​​ធ្វើ​សម្បទាន ព្រម​ធ្វើ​កំណែទម្រង់​ដើម្បី​បន្ថយកំហឹង​របស់​សហគមន៍​Sunnites។ ក្រុម​និកាយ​Sunnites​ដែល​ធ្លាប់​មាន​អំណាច​ពេញ​ដៃ នៅក្នុង​សម័យ​គ្រប់គ្រង​របស់​លោក​សាដាម ហ៊ូសេន បាន​ចោទ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី​ថា ក្តោបក្តាប់​អំណាច​តែ​ម្នាក់ឯង និង​បែងចែក​ប្រយោជន៍​តែ​ជាមួយ​បក្សពួក​របស់ខ្លួន គឺ​ប្រជាជន​និកាយ​Chiites៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close