អតីត​ប្រធានា​ធិបតី​អេហ្ស៊ីប​ ម័រ​ស៊ី​ប្រឈម​នឹង​ការ​កាត់​ទោស​

ទូរទស្សន៍​​​រដ្ឋ​​របស់​​អេហ្ស៊ីប​​បាន​​ ផ្សាយ​​អោយ​ដឹង​នៅ​​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ​ថា​ លោក​អតីត​​ប្រធានា​ធិបតី​​ មូហា​ម៉េត​ ម័រ​ស៊ី​ ដែល​​កំពុង​​ត្រូវ​​ឃុំ​ខ្លួន​​ដោយ​​ក្រុម​​យោ​ធា​ នឹង​​ត្រូវ​​ប្រឈម​​មុខ​នឹង​​ការ​​កាត់​ទោស​។​ ជាការកាត់ទោស​ក្នុង​បទចោទប្រកាន់ទាក់​ទងនឹង​ការ​ញុះញង់​អោយ​មាន​​ អំពើឃាតកម្ម​នៅ​ក្នុងការ​ប្រឈម​​មុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ និង​​អ្នកប្រឆាំង​រូប​លោក​ កាល​ពី​​ខែ​ធ្នូ​ឆ្នាំ​​២០១២​។

អតីត​ប្រធានាធិបតីអេហ្ស៊ីប​ដែល​ត្រូវបាន​ក្រុម​យោធា​ ទម្លាក់ពីអំណាច​កាលពី​ថ្ងៃទី​៣​កក្កដាកន្លងទៅនោះ នឹង​ត្រូវប្រឈម​នឹង​ការកាត់ទោស​ដែលទាក់ទងនឹងបទចោទញុះញង់ អោយមាន​អំពើហិង្សា និង​ឃាតកម្ម។ បណ្តាញទូរទស្សន៍​រដ្ឋ​អេហ្ស៊ីប​បាន​ផ្សាយ​ដំណឹងនេះ​កាលពី​ថ្ងៃអាទិត្យ​ ម្សិលមិញ ប៉ុន្តែ​មិន​បាន​បញ្ជាក់អំពី​កាលបរិច្ឆេទ​នៃ​សវនាការ​នោះ​ឡើយ។ បទចោទ​ដែល​ត្រូវបាន​ធ្វើ​ចំពោះ​លោកម័រស៊ី គឺទាក់ទងនឹង​ព្រឹត្តិការណ៍​ប៉ះទង្គិចគ្នាដ៏មរណៈ រវាង​ក្រុម​អ្នកគាំទ្រ និង​អ្នកប្រឆាំង​រូប​លោក ដែល​បាន​កើតឡើងនៅ​ខែ​ធ្នូ​ឆ្នាំ២០១២។

យោងតាម​ការ​ផ្សាយ​ព័ត៌មាន​របស់​ទូរទស្ស​រដ្ឋ​ដដែល តុលាការ​ក៏​នឹង​កាត់​មនុស្ស​១៤​នាក់​ផ្សេងទៀត​ ដែល​ជាអ្នក​សិ្នទ្ធ​នៅ​ក្នុង​ក្រុម​ចលនា​ភាតរៈ​អ៊ីស្លាម​របស់​លោក​មូហាមេត ម័រស៊ី​ផងដែរ។

គួរ​បញ្ជាក់ផងដែរ​ថា ក្រៅពី​បទចោទ​ដែលទាក់ទងនឹង​ការ​ញុះញង់អោយ​មាន​អំពើហិង្សា​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១២នោះ អតីត​ប្រធានាធិបតីម័រស៊ី​ក៏​ត្រូវបាន​តុលាការ​ចេញដីកា​ឃុំ​ខ្លួន​ដើម្បី​សួ​ រ​ចម្លើយ​អំពី​បទចោទ មួយ​ទៀត ដែល​គេ​សង្ស័យថា​លោក​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ដែល​ បាន​វាយ​បំបែកពន្ធនាគារកាលពី​ឆ្នាំ​២០១១។

រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​អេហ្ស៊ីប​បច្ចុប្បន្ន​ដែល​គាំទ្រ​ដោយ​ក្រុម​ យោធា​បាន​កំពុង​ធ្វើទុក្ខបុក ម្នេញ ចលនា​ភាតរអ៊ីស្លាម ​របស់​លោក​មូហាមេត​ ម័រស៊ី បន្ទាប់ពី​ព្រឹត្តិការណ៍​ទម្លាក់​លោក​ម័រ​ស៊ីពី​អំណាច។ រហូត​ដល់ពេលនេះ មាន​សមាជិក​របស់​ក្រុម​ភាតរៈអ៊ីស្លាម​ជាង​២០០០នាក់ហើយ​ត្រូវបាន​ចាប់ខ្លួន។

គួរ​រម្លឹកថា លោក​ម័រ​ស៊ី​ត្រូវបាន​ប្រជាជន​ស្តីបន្ទោស​អំពី​អសមត្ថភាព​ក្នុង​ការ​ ដោះស្រាយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ហើយ​បាន​តវ៉ា​ទាមទារអោយលោក​ចុះចេញពី​ដំណែង​​ដែល​ធ្វើ​អោយ​អេហ្ស៊ីប​ ធ្លាក់ក្នុង​វិបត្តិ​សង្គម ហើយ​ក្រុម​យោធា​ក៏​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ម័រ​ស៊ី​តែ​ម្តង នៅ​ថ្ងៃទី​៣​កក្កដា​កន្លងទៅ​ថ្មីៗនេះ៕ដោយ លាង ដឺលុច (RFI)

Related Articles

Back to top button
Close
Close