ការឈឺចាប់​និង​ការ​អត់​ទ្រាំ​របស់​ស្រ្តី​បម្រើការ​នៅ​ហាង​រាត្រី​ចំពោះ​ការ​ប្រមាថ​ពី​ស្រ្តី​មាន​ស្វាមី

ដោយ សុវណ្ណវត្តី

នាងធី ស្រ្តីបម្រើសេវាកម្សាន្តនៅហាងបៀរហ្គាឌិន និងខារ៉ាអូខេ។
នាងធី ស្រ្តីបម្រើសេវាកម្សាន្តនៅហាងបៀរហ្គាឌិន និងខារ៉ាអូខេ។

 “បើបង​​​ជា​ខ្ញុំ​ តើ​បង​ធ្វើយ៉ាង​ណា? បង​​មាន​ប្តី មាន​យសស័ក្តិ និង​មាន​លុយ។ ចំណែកខ្ញុំ​ជា​ស្រី​ក្រីក្រ​ ជា​កូន​កសិករ និង​គ្មាន​ចំណេះ​ដឹង” នេះ​​ជា​សំដី​រំលឹក​ឡើងវិញ​​​ទៅកាន់​​ស្រ្តី​អ្នក​​ជិត​ខាង​​របស់​ស្រ្តី​វ័យក្មេងម្នាក់​ដែល​ធ្វើ​ការ​នៅ​ហាង​បៀរហ្គាឌិនមួយ​ក្នុង​​រាជ​ធានីភ្នំពេញ។
ក្នុង​​វ័យ ២៥ ឆ្នាំ នាងធី មាន​​កូនប្រុស​​មួយអាយុ​បាន ​៨ ឆ្នាំ និង​​ជា​ស្រ្តីមេម៉ាយ​តាំង​ពី​អាយុ​បាន ១៩ ឆ្នាំមក​ម្លេះគឺ​នៅឆ្នាំ ២០០៧។ ​ ​​បន្ទាប់​ពី​​បែក​បាក់​​ពី​​ប្តី​​​នា​ឆ្នាំ​នោះ​មក នាង​ធី បាន​ខិតខំ​តស៊ូ​ក្នុង​​ជីវិត​ដើម្បី​​​ចញ្ចឹមខ្លួន​​និង​កូនប្រុស ព្រម​ទាំង​ប្អូនៗ​​​ប្រុស​ស្រី​ចំនួនបួន​នាក់ទៀត ដោយនាង​​បាន​រំលឹក​ថា “ដោយ​​សារតែ​គ្រួសារ​ខ្ញុំ​​ក្រ​ពេក ទើប​ប្តី​របស់​ខ្ញុំ​ជឿ​​តាម​​ម្តាយរបស់​​​គាត់​ឲ្យ​លេង​ខ្ញុំ”។
នាង​ធី ​មាន​​ភូមិ​កំណើត​នៅ​ស្រុក​មេមត់​ខេត្ត​កំពង់​ចាម។ បន្ទាប់​ពី​ក្លាយជា​ស្រ្តមេម៉ាយ​ទាំង​វ័យ​ក្មេង នាង​​ក៏​បាន​ចាក​ចេញ​ពីស្រុក​កំណើត​ចោល​កូន ម្តាយ​និង​ប្អូនៗ​ទាំង​បួន​នាក់មក​រាជធានី ដើម្បី​ស្វែង​​​​​​រក​ការងារ​ធ្វើ។
ដោយ​​​​គ្មាន​​​ចំណេះ​ដឹង និង​បំណិនជីវិត​ នាង​ធី ​ត្រូវ​​បាន​ម្តាយ​មីង​​នាំ​ឲ្យទៅ​​ធ្វើជា​នារី​អូតេស (នារី​អង្គុយ​​កំដរ​ភ្ញៀវ) នៅ​​ក្នុង​​ភោជនីដ្ឋាន​​បៀរ​ហ្គាឌិនមួយ។​ ​ ឆ្លង​កាត់​ការ​ងារ​ក្នុង​ហាង​បៀរ​ហ្គាឌិន​​​អស់​រយៈ​ពេល​​ជាង ៥​ ​ឆ្នាំ​មកនេះ នាងធី​ បានផឹក​ស្រារាល់​​យប់​ជា​មួយ​ភ្ញៀវ​ជា​បុរសៗ។
ដោយ​ប្រែទឹកមុខ​មាំបន្តិច នាង​ធី​ បាន​និយាយ​ថា “ខ្ញុំ​ពិត​ជា​តូចចិត្ត​មែន​ទែន​នៅក្នុងជីវិត។ នៅ​ក្នុង​​ហាង ប្រុសៗ​បាន​លូកលាន់ ស្ទាប​ខ្លួន​ប្រាណ​លើ​ក្រោម ហើយ​​នៅ​ឯ​ផ្ទះ ​អ្នក​ជិត​ខាងជា​ស្រ្តី​​បាន​មើល​​ងាយ​ថា ពួកស្រី​ៗ​ហាង​បៀរ​ហ្គាឌិន​​​​គ្មាន​មួយ​ណា​ល្អ​ទេ គឺ​សុទ្ធតែ​ជា​ស្រី​យក​​ប្តីគេទាំងអស់”។
នាង​បាន​បន្ត​ថា “​តើ​​នរណា​មិនឈឺចាប់​​នៅ​ពេល​ឮសំដី​ប្រមាថនេះ។ ខ្ញុំ​និង​ស្រីៗ​ឯ​ទៀត​នៅក្នុង​ហាង​​ពិតជាមាន​អារម្មណ៍​មិន​​ខុស​គ្នា​ទេ គឺ​ពួក​ខ្ញុំ​មិន​ចង់​ធ្វើ​ការ​បែប​នេះ​ឡើយ តែ​ធ្វើ​ម៉េច បើ​ពួកខ្ញុំ​ក្រ​គ្មាន​​ជម្រើសនោះ។ ខ្ញុំ​បាន​និយាយតប​ទៅ​ស្រ្តី​អ្នក​ជិតខាង​វិញថា​ គ្មាន​ស្រ្តី​ណា​ចង់​ឲ្យ​គេ​មើលងាយ​នោះ​ទេ ហើយ​មិន​មែន​​​ឲ្យ​តែ​ស្រី​ៗធ្វើ​ការ​នៅ​​ហាង​បៀរ​ហ្គាឌិន​សុទ្ធតែ​ជា​ស្រី​​អាក្រក់​យកប្តីគេនោះទេ។ ពួកខ្ញុំ​ធ្វើ​​ការ​ដោយ​កម្លាំង​ញើស​ឈាម មិន​បាន​ធ្វើខុសច្បាប់​ឡើយ”។ ​
បច្ចុប្បន្ន នារី​​ៗ​អង្គុយកំដរ​ភ្ញៀវ​នៅ​តាម​ហាង​នានា​​ត្រូវ​បាន​​​ក្រសួង​សុខាភិបាល អង្គការ​សង្គម​ស៊ីវិល និង​​ម្ចាស់​​​ជំនួយ​​អន្តរ​​ជាតិ​​នានា​​​ដែ​ល​ធ្វើ​​ការងារ​​ទាក់ទិននឹង​​​មេរោគ​អេដស៍និង​ជំងឺ​អេដស៍​​​​ចាត់​​​ទុក​ថា ជា​ស្រ្តី​បម្រើ​​សេវា​​កម្សាន្ត ហើយ​ពួក​គេ​ស្ថិត​នៅ​ក្នុង​​ក្រុម​គោល​ដៅ​ងាយ​រង​គ្រោះបំផុត​ជា​មួយក្រុម​​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ញៀន និងក្រុម​​​បុរស​ស្រឡាញ់​បុរស។

ជាង​នេះ​ទៅទៀត ស្រ្តី​​​បម្រើ​សេវាកម្សាន្ត​ក៏​បាន​ចង​ក្រងជា​​បណ្តាញ​និង​សមាគម​​​របស់​ខ្លួន ដោយ​​​​​មាន​ការ​ជួយ​គាំទ្រ​ទាំង​​ផ្នែក​​បច្ចេក​ទេស និង​​ហិរញ្ញវិត្ថុ​ពី​ម្ចាស់​ជំនួយ ដើម្បី​​ជួយ​អប់រំ​ដល់​ស្រ្តី​​​បម្រើ​សេវា​​​កម្សាន្ត​​​នានាឲ្យ​បាន​យល់​​ដឹង​​​ពី​​សិទ្ធិ​​ស្រប​ច្បាប់​​របស់​ខ្លួន និងការ​ពារ​ខ្លួន​ពី​​ការ​រំលោភបំពាននានា ព្រម​​​ទាំង​​បង្ការ​មិន​​ឲ្យ​​ឆ្លង​និង​ចម្លង​​មេរោគអេដស៍។
​បើ​​តាមការអង្កេត​របស់​​​មជ្ឈមណ្ឌល​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺអេដស៍ សើស្បែក និង​កាមរោគ​នៃ​​​​ក្រសួង​​​​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា មាន​ស្រ្តី​​បម្រើ​សេវាកម្សាន្ត​ជាង ៣៧.០០០ នាក់​នៅ​ទូទាំង​ប្រទេស ដោយ​​​ឡែក​នៅ​រាជ​ធានីមាន​ជាង ២០.០០០ នាក់។

​            នាង​​ធី បាន​អំពាវនាវ​ឲ្យ​ស្រ្តីគ្រប់​រូប​បញ្ឈប់​ការ​ប្រមាថ និង​ការ​មើល​ងាយ​ស្រ្តី​គ្នា​ឯង ព្រោះថា ក្នុង​​​នាម​ជា​​ស្រ្តីដូចគ្នា​ ​នរណាៗ​​ក៏​ចង់​បាន​សុភមង្គល និង​រស់​នៅ​ក្នុង​សេចក្តីថ្លៃថ្នូរដែរ តែ​សង្គម​បាន​ជម្រុញ​​​ឲ្យ​​នាង និង​​នារីក្រីក្រ​ឯ​ទៀត​គ្មាន​ជម្រើស​ក្នុង​ការ​ទទួល​បានការងារផ្សេងពីនេះ៕​ អត្ថបទ​​នេះ​​​ផលិត​ឡើង​​ក្រោម​​ជំនួយ​សប្បុរ​ស​ធម៌​​ពី​ប្រជា​ជន​អាមេរិក​​ តាមរយៈ USAID។ រាល់​ខ្លឹម​​​សារ​​​ដែល​​មា​ន​​ក្នុង​​អត្ថបទនេះ​គឺជា​ការ​ទទួល​​ខុស​​ត្រូវ ​​របស់​អង្គការ​​ខាណា និង​មិន​បាន​ឆ្លុះបញ្ចាំង​​ទស្ស​នៈ​​​របស់​ USAID ឬ​​រដ្ឋាភិបាល​អា​មេ​រិក​​ឡើយ។

 

Related Articles

Back to top button
Close
Close