ក្រសួងអប់រំ បិទលទ្ធផលប្រឡងបាក់ឌុប នៅរសៀលថ្ងៃសុក្រនេះ
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបិទលទ្ធផលប្រឡងមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់បេក្ខជននៅតាមបណ្តាខេត្ត នៅថ្ងៃទី៣១ខែសីហា។
សម័យប្រឡងបាក់ឌុប សម្រាប់ឆ្នាំ២០១៣នេះ ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ខែសីហា។បេក្ខជនប្រឡង មានចំនួន១១៤.៤១៤ នាក់។ នៅទូទាំងប្រទេស មណ្ឌលប្រឡង មានចំនួន ២៥៤ និងចែកចេញជា ៤.៦៦២ បន្ទប់។
បន្ទាប់ពីការប្រឡង ក្រសួងអប់រំ បានបើកិច្ចប្រជុំមួយ ដោយមានការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស អប្បមាទ និងប្រធានមណ្ឌលសំណេរ ដោយលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយជោគជ័យ ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
ចំណែកសង្គមស៊ីវិល សិក្សាស្រាវជ្រាវរកឃើញថា គ្រាន់តែក្នុងរាជធានីភ្នំពេញតែមួយ សិក្សាបានចំណាយប្រាក់រហូតដល់ជាងកន្លះលានដុល្លារ ដើម្បីសូកគ្រូក្នុងពេលប្រឡង ដែលកើនឡើងជាង១៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១២ និងការបែកធ្លាយវិញ្ញាសាមួយចំនួន៕ វត្តី/Cambodia News