គណបក្សប្រជាជនលែងគិតរឿង បង្កើតគណកម្មការចម្រុះដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត
ភ្នំពេញ៖ កាលពីថ្ងៃទី២៧ សីហា ឆ្នាំ២០១៣ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកជាម យៀប បានមានប្រសាសន៍ថា វាជាការយឺតពេលទៅហើយក្នុងការបង្កើតគណកម្មការស៊ើបអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក។
លោក ជាម យៀប បានក្រើនរំលឹកដល់មេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលទទួលបាន៥៥អាសនៈ អោយចេះបត់បែន និងមានទំនាក់ទំនងល្អជាមួយគណបក្សកាន់អំណាច ។លទ្ធផលបោះឆ្នោតជាបណ្តោះអាសន្ន បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈសភា ដែលជាគណបក្សឈ្នះឆ្នោត។ រីឯគណបក្សប្រឆាំងទទួលបាន៥៥អាសនៈ ។
ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានព្រមានតបថា នឹងរៀបចំធ្វើមហាបាតុកម្មអហឹង្សា និងដោយសន្តិវិធី មុនការប្រកាសលទ្ធផលបោះឆ្នោត ដោយគ.ជ.ប នាថ្ងៃទី៨ ខែកញ្ញា ដោយ យោងតាមសេចក្តី ប្រកាសរបស់គណបក្សសង្រ្គោះជាតិ ចេញផ្សាយនៅថ្ងៃពុធនេះ គណបក្សគ្រោងនឹងធ្វើមហាបាតុកម្មនៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០១៣ ។
ទោះជាយ៉ាងនេះក្តី ប្រភពព័ត៌មានផ្ទៃក្នុងពីគណបក្សសង្រ្គោះជាតិបានអោយដឹងថា បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតមួយចំនួន បានកាត់សម្លៀកបំពាក់ ដើម្បីចូលរួមប្រជុំសភា និងចូលស្បថកាន់តំណែងរួចទៅហើយ ៕ នាង/Cambodia News