ក្រុមឧទ្ទាម​តំបន់​កាស្មៀរ​ គំរាម​វាយប្រហារ​ខ្លាំងក្លា​ទៅ​ឥណ្ឌា​​

តាម​ប្រភព​ព័ត៌មាន​ដកស្រង់​ដោយ​ សារព័ត៌មាន​បារាំង AFP នៅថ្ងៃ​ពុធ​ ទី​២៨​សីហា​នេះ ក្រុមឧទ្ទាម​តំបន់កាស្មៀរ បាន​ធ្វើការ​គំរាមវាយប្រហារ​​​​ឥណ្ឌា​ តាមរយៈ​អំពើហិង្សា​ជាច្រើន ដែល​ពុំធ្លាប់​ជួបប្រទះ​ពីមុន​មក។ ក្រុម​ឧទ្ទាម​ដែល​គំរាម​ឥណ្ឌា​នេះ មាន​ចំនួន​រាប់ពាន់នាក់ ភាគច្រើន​មាន​​ប្រភព​មក​ពី​​​អាហ្វហ្កានិស្ថាន។ ការ គំរាម​នេះ បានដាក់ទំងន់​បន្ថែម​ទៅ​លើ​​ស្ថានភាព​ដែលកំពុង​តានតឹង​ដោយអំពើហិង្សា​នានា នៅតាមព្រំដែន​រវាង​ប្រទេស​ឥណ្ឌា​​និង​ប៉ាគីស្ថាន។

ក្រុមឧទ្ទាម ​តំបន់កាស្មៀរ ដែល​គំរាម​វាយប្រហារ​ឥណ្ឌា​នេះ មានគ្នា​រាប់ពាន់នាក់ ហើយ​មាន​គំរោង​បង្កើនសកម្មភាព​​ហិង្សា​ប្រឆាំង​ឥណ្ឌា ​នៅតំបន់កាស្មៀរ​​ឥណ្ឌា អោយ​​កាន់តែ​ច្រើនថែម​ទៀត ​ក្នុង​ពេល ឆាប់ៗ​ខាងមុខ​នេះ។ ការវាយប្រហារ​ប្រឆាំង​ឥណ្ឌា​ក៏​មានគំរោង​​បន្ត​​ដល់​​ច្រើន​ឆ្នាំ​ទៅមុខ​ទៀតផងដែរ។  នេះ​ បើ​យោង​តាម​​សារព័ត៌មាន​បារាំង​​ AFP ដែល​បាន​ស្រង់​សំដី​​​ ស៊ីយ៉េត សាឡាហ៊ូឌីន ជា​មេដឹកនាំ​ក្រុមប្រឹក្សា​សហភាព​ជីហាដ​មួយ​។ សហភាព​នេះ​​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុមប្រដាប់​អាវុធនានា ដែលធ្វើសកម្មភាព​ប្រឆាំង​ឥណ្ឌា នៅ​តំបន់​កាស្មៀរ​​ឥណ្ឌា​។

យោងតាម​ មេដឹកនាំ​ក្រុមប្រឹក្សា​សហភាពជីហាដ​ ​ក្រុមឧទ្ទាម​ដែលគំរាម​​ឥណ្ឌា​នេះ មាន​គ្នា​រាប់ពាន់​នាក់ ហើយ​ភាគច្រើន​​មកពី​អាហ្វហ្កានិស្ថាន។ គឺជា​ក្រុម​ដែល​ធ្វើសកម្មភាព​ប្រយុទ្ធ​នឹង​​កងទ័ព​អង្គការ​អូតង់​ នៅ ទីនោះ។

តាមរយៈ​ការគំរាម​របស់​ក្រុមឧទ្ទាម​ទាំងនេះ គេរំពឹង​ថា ចំនួន​សកម្មជន​ប្រយុទ្ធ​អ៊ីស្លាម​ប្រឆាំង​ឥណ្ឌា នៅ​កាស្មៀរ កំពុង​តែ​​​កើន​​ច្រើនឡើង។ ការគំរាម​របស់​ក្រុមឧទ្ទាម​ បាន​បង្ក​ ​​ភាព​តានតឹង​បន្ថែមទៀត ​ក្នុង​តំបន់កាស្មៀរ​ឥណ្ឌា។ ​​​​ចាប់តាំង​ពី​ដើមខែ​សីហា​មក​ ការ​បាញ់ប្រហារ​គ្នា​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន បាន​សម្លាប់​មនុស្ស​១១នាក់​ ធ្វើអោយ​ទំនាក់ទំនង​ឥណ្ឌា​និង​ប៉ាគីស្ថាន កាន់តែតានតឹង។ ប៉ាគីស្ថាន​បាន​បដិសេធ​ថា មិន​បាន​ពាក់ព័ន្ធ​នឹង​អំពើ​វាយប្រហារ​​អស់នេះទេ ហើយថែមទាំង​បាន​សន្យា​​ស្តារទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ អោយបាន​ប្រសើរ​ឡើងទៀតផង។

ដូច្នេះ ​មានន័យថា អំពើវាយប្រហារ​កន្លង​មក អាច​ពាក់ព័ន្ធ​ជាមួយ​ក្រុមឧទ្ទាម។ ចាប់តាំង​ពី​ឆ្នាំ​១៩៨៩មក នៅតំបន់​កាស្មៀរ​ឥណ្ឌា​ មាន​ក្រុមឧទ្ទាម​ប្រមាណ​ជា​១២ក្រុម បាន​​ប្រយុទ្ធ​ទាមទារ​ឯករាជ្យ​ រឺ​ក៏​ទាមទារ​អោយ​តំបន់​កាស្មៀរឥណ្ឌា​ចូលជាកម្មសិទ្ធិ​​របស់​ប៉ាគិស្ថាន។

នៅពាក់កណ្តាល​ទស្សវត្សរ​ឆ្នាំ​១៩៩០ ​​ក្រុមជីហាដ​បរទេស​ ដូច​ជា​ក្រុមអារ៉ាប់ និង​ក្រុមជីហាដ​អាហ្វ ហ្កានិស្ថាន បានចូលរួមសកម្មភាព​ជាមួយ​ក្រុមឧទ្ទាម​នៅ​កាស្មៀរ​ឥណ្ឌា។ ប៉ុន្តែ ចាប់តាំង​ពី​​​ប៉ាគីស្ថាន​ក្លាយជាដៃ​គូ​នយោបាយ​សំខាន់​របស់​អាមេរិក​ ក្រោយ​អំពើភេរវកម្ម​ក្រុងញូវយក​​ ឆ្នាំ​២០០១ ​មក ការ ផ្លាស់ប្តូរ​ស្ថានការ​នេះ ធ្វើអោយ​ក្រុមឧទ្ទាម​ពិបាក​ទទួលយកណាស់។ ក្រុមឧទ្ទាម​​​ប្រកាស​ថា​ ក្នុង​សកម្មភាព​ប្រយុទ្ធ​ ក្រុម​ខ្លួន​​លែងត្រូវការ​ជំនួយ​ខុសច្បាប់​ពី​កងទ័ព​ប៉ាគីស្ថាន​ និង​លែងគោរព​បញ្ជា​ប៉ាគីស្ថាន​ទៀត ហើយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close