រដ្ឋមន្រ្តីការពារជាតិ​ជប៉ុន៖« ជប៉ុន​អាច​ជា​តួអង្គសំខាន់​ក្នុង​ការដោះស្រាយ​ជម្លោះយោធា​ជាយថាហេតុ​នៅ​អាស៊ី

នៅ ​ថ្ងៃ​ចន្ទ ទី២៦ សីហា លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន Itsuno Onedera បាន​ប្រាប់​ឲ្យ​ដឹង​ថា ជប៉ុន​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ប្រដាប់​អាវុធ ​ជា​យថាហេតុ​នៅ​តំបន់​អាស៊ី។ សេចក្តី​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​យន្តហោះចម្បំាង​ជប៉ុន​បាន​ហោះឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ វត្តមាន​យន្តហោះចម្បំាង​ចិន​ដែល​បាន​ហោះឆ្វែល​ម្តុំ​ទីប្រជុំកោះ​សេន កាគុ​ ដែល​ក្រុង​ប៉េកំាង និង​តូក្យូ​កំពុង​ដណ្តើម​គ្នា​កាន់កាប់។

« រហូត ​មក​ដល់​សព្វ​ថ្ងៃ ប្រព័ន្ធ​ការពារ​របស់​ប្រទេស​ជប៉ុន​បាន​កំណត់​ឲ្យ​ជួយ​ត្រឹម​សម្ព័ន្ធមិត្ត ឬ​មួយ​ក៏​ចូលរួម​នៅ​ក្នុង​ជម្លោះ​ណា​មួយ​ដែល​នឹង​កើត​មាន​នៅ​ក្រៅ​ប្រទេស » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្រ្តី​ការពារ ជាតិ​ជប៉ុន Itsuno Onedera នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​តូក្យូ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​សន្តិសុខ​រវាង​ជប៉ុន និង​សហរដ្ឋអាមេរិក។ តែ​ឥឡូវ​នេះ ជប៉ុន​ត្រូវ​តែ​មាន​ប្រព័ន្ធ​ការពារ​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​ ដើម្បី​ការពារ​ខ្លួន​ឯង​ប្រឈម​នឹង​សត្រូវ​ឈ្លានពាន​ពី​ខាង​ក្រៅ ដូច​យ៉ាង​បំពាក់​នូវ​យន្តហោះ ចម្បំាង​ថ្មីៗ ប្រព័ន្ធ​ការពារ​ក្រោម​បច្ចេកវិជ្ជា​ទំនើបៗ និង​ប្រព័ន្ធ​ការពារ​ផ្នែក​ព័ត៌មានវិទ្យា នេះ​ជា​ការ​អះអាង​បន្ថែម​របស់​លោក Itsuno។

សេចក្តី​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ក្រសួង​ការពារជាតិ​ជប៉ុន​​បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​យន្តហោះចម្បំាង​ចិន​មួយ​គ្រឿង​បាន​ហោះ​ឆ្វែល​ម្តុំ​ទីប្រជុំកោះ​សេនកាគុ ​ដែល​ជប៉ុន និង​ចិន​កំពុង​ដណ្តើម​គ្នា​កាន់កាប់។ តែ​យន្តហោះចម្បំាង​ចិន​នោះ​បាន​ហោះ​បកក្រោយ​វិញ បន្ទាប់​ពី​បាន​ឃើញ​វត្តមាន​យន្តហោះចម្បំាង​ជប៉ុន។ គួរ​ជម្រាប​ជូន​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពោល​តំាង​រដ្ឋាភិបាល​ជប៉ុន​បាន​ទិញ​យក​កោះ​មួយ​ចំនួន​ពី​ពលរដ្ឋខ្លួន​មក​ ធ្វើ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​មក ជប៉ុន​បាន​ស្គាល់​ភាព​តានតឹង​ជាមួយ​ចិន​យ៉ាង​ញឹកញាប់។

អ៊ីចឹង​ហើយ​បាន​ជា​លោក​រដ្ឋមន្រ្តីការពារជាតិ​ជប៉ុន​បាន​និយាយ​ដោយ​ចំៗ​ថា នៅ​ពេល​ដែល​ចិន​មិន​ទាន់​មាន​សមត្ថភាព​យោធា​គ្រប់គ្រាន់ ទីក្រុង​ប៉េកំាង​ចង់​បាន​កិច្ចសន្ទនា និង​កិច្ចប្រតិបត្តិការ​សេដ្ឋកិច្ច ដោយ​ទុក​ចោល​មួយ​អន្លើ​នូវ​ជំនួស​ដែនដី តែ​ដល់​ពេល​ក្លាយ​ខ្លួន​ជា​មហាអំណាច​សេដ្ឋកិច្ចទី២​ក្នុង​លោក និង​មាន​លុយកាក់​ច្រើន​ហើយ ចិន​បែរ​ជា​ជ្រើស​យក​នយោបាយ​កម្លំាងបាយ​ទៅ​វិញ។

គួរ​រម្លឹក​ជូន​ថា ក្រៅ​ពី​មាន​ជម្លោះ​ជាមួយ​ជប៉ុន​ជុំវិញ​ទីប្រជុំកោះ​សេនកាគុ ចិន​ក៏​កំពុង​មាន​ជម្លោះ​ដែនដី​ជាមួយ​ប្រទេស​អាស៊ី​ផ្សេង​ទៀត​នៅ​ក្នុង​ សមុទ្រចិន​ខាងកើត និង​ខាងត្បូង​ដែរ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close