នាយករដ្ឋមន្រ្តីអូស្រ្តាលីជឿថា របបស៊ីរីបានប្រើអាវុធគីមី
លោកខេវិន រ៉ាដ្ដនាយករដ្ឋមន្រ្តីអូស្រ្តាលីនិយាយថា ឥឡូវនេះលោកមានការជឿជាក់ថា រដ្ឋាភិបាលស៊ីរីពិតជាបានប្រើអាវុធគីមី។
លោក ខេវិន រ៉ាដ្ដមានប្រសាសន៍ ទស្សនៈរបស់លោកគឺស្ដែងឡើង ក្រោយពីការប្រឹក្សាយោបល់ជាមួយនឹងលោក Barack Obama ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក David Cameron នាយករដ្ឋមន្រ្តីនៃប្រទេសអង់គ្លេស ។
លោកខេវិន រ៉ាដ្ដក៏បានពិភាក្សាផងដែរជាមួយនឹងលោក Susilo Bambang Yudhoyono ប្រធានាធិបតីឥណ្ឌូណេស៊ី។
លោក នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្លែងថា ប្រទេសអូស្រ្តាលីកំពុងតែព្យាយាមប្រមូលនូវមតិឯកច្ឆន្ទ ជាមួយនឹងប្រទេសដទៃទៀតដើម្បីឆ្លើយតបទៅនឹងបញ្ហាស៊ីរី។ ក៏ប៉ុន្តែលោកពោលឲ្យដឹងថាការប្រើអាវុធគីមី គឺជាអំពើឧក្រិកម្មប្រឆាំងនឹងមនុស្សជាតិ។
លោក ខេវិន រ៉ាដ្ដនិយាយថា ហេតុការណ៍នេះ គឺជាការវិវឌ្ឍមិនធម្មតាមួយនៅក្នុងប្រវត្តិសាស្រ្តនៃសម័យជឿនលឿន របស់ពិភពលោក។ ដូច្នេះ គោលការណ៍សីលធម៌ដែលឋិតនៅចំពោះមុខនោះ គឺមានទំហំធំធេងលើសពីស៊ីរីទៅទៀត ព្រោះថាបើយើងមិនមាត់ក ឬមិនចាត់វិធានការអ្វី គឺយើងព្រមទទួលយកសកម្មភាពរបស់រដ្ឋាភិបាលស៊ីរីថាជាទង្វើស្រប ច្បាប់៕ (Radio Australia)