យុទ្ធនាការបោះឆ្នោតនៅអូស្រ្តាលី កំពុងតែបោះពួយជាបន្តទៀត
ការពិភាក្សាវែកញែកអំពីកម្មវិធី ឈប់សម្រាក ពីការងារដោយសុំច្បាប់មាតុភាពឬបិតុភាពដោយមានបៀវត្សរ៍ សន្យាផ្ដល់ជូនប្រជាពលរដ្ឋ ដោយបក្សប្រឆាំងអូស្រ្តាលី នឹងងាកទៅរកទិសថ្មីមួយទៀត ដោយបក្សប្រឆាំងវែកញែកថា គោលនយោបាយរបស់ខ្លួន នឹងហុចផលវិជ្ជមានដល់ថវិកាជាតិអូស្រ្តាលី។
លោក Joe Hockey ដែលជានាំពាក្យឲ្យបក្សប្រឆាំងផ្នែកផែនការថវិកាជាតិ ថ្ងៃនេះលោកនឹងដាក់ចេញនូវព័ត៌មានពិស្ដារដែលលោកបានសន្យាយូរណាស់ មកហើយអំពីរបៀបដែលបក្សនេះនឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មវិធី ឈប់សម្រាកមាតុឬបិតុភាពដោយបានប្រាក់បៀវត្សរ៍នេះ។
មាន ការរំពឹងទុកថា លោក Joe Hockey នឹងប្រមែប្រមូលប្រាក់ពន្ធចំនួន៤ពាន់៤រយលានដុល្លារពីអាជីវកម្ម ធំៗ ដើម្បីទ្រទ្រង់ដល់កម្មវិធីឈប់សម្រាកមាតុឬបិតុភាព ដែលនឹងត្រូវចំណាយប្រាក់៩ពាន់៨រយលានដុល្លារសម្រាប់២ឆ្នាំដំបូង។
យ៉ាងណាមិញ លោកស្រី Penny Wong រដ្ឋមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុនិយាយថា គម្រោងថវិកាចំណូលនិងចំណាយរបស់បក្សប្រឆាំងមិនបានបង្ហាញរូបភាព ពេញលេញនោះទេ ដោយចង្អុលបង្ហាញថា គោលនយោបាយមួយនេះគឺមិនត្រឹមត្រូវនិងមិនអាចធ្វើទៅបានឡើយ ដោយសារចំណាយច្រើនជាងចំណូល៕ (Radio Australia)