ម៉ូស្គូ​​ប្រតិកម្ម​​ទល់នឹង​​គម្រោង​​បស្ចិមលោក​​ វាយ​ប្រហារ​​ទៅលើ​​ស៊ីរី​

ប្រតិកម្ម​នេះ​ត្រូវបាន​លើកឡើង​ដោយ​លោក​ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ក្នុង​សន្និសីទ​កាសែត ចាត់ចែង​ឡើង​ជាបន្ទាន់​នៅក្រុង​ម៉ូស្គូ មកពី​កងនាវា​បស្ចិមលោក នាំមុខ​ដោយស.រ.អា. ត្រៀម​លក្ខណៈ​ជាស្រេច​ទៅហើយ ដើម្បី​វាយប្រហារ​ទៅលើ​ទីតាំង​នៃ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ក្រោម​បទ​ចោទប្រកាន់​ថា កងទ័ព​នេះ​បានប្រើ​អាវុធគីមី​សម្លាប់​រង្គាល​អ្នកស្រុក​ស៊ីរី។

ចំណុច​គោលៗ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov គឺ​ដូច​តទៅ៖

ទី១- បើ​កងកម្លាំង​បស្ចិមលោក​ធ្វើ​អន្តរាគមន៍​យោធា​នោះមែន ដោយ​ឃ្វាង​ការគាំទ្រ​ជា​ឯកច្ឆ័ន្ទ​ពី​ខាង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. នោះ​គឺ​មាន​ន័យ ជា​ការរំលោភ​បំពាន​យ៉ាង​កម្រោល​បំផុត​លើ​ច្បាប់​អន្តរជាតិ។ ទាក់ទង​នឹង​លេស​ដែលថា កងទ័ព​រដ្ឋាភិបាល​ស៊ីរី​បានប្រើ​អាវុធគីមី​ស្អីណា តាម​សំដី​លោក Lavrov នោះ​ លោក​ខាងលិច​ឥតបាន​បង្ហាញ​ជូន​ក្រុមប្រឹក្សា​សន្តិសុខ​នោះឡើយ នូវ​ភស្តុតាង​អ្វីណា​ដែលថា​អាវុធនោះ​ពិតជា​ប្រើ​មែន ដោយ​ភាគី​រដ្ឋអំណាច​ស៊ីរី។ តាម​ប្រមុខ​ការទូតរុស្ស៊ី សម្រាប់​បស្ចិមលោក គ្រាន់តែ​អំណះអំណាង​គេ គឺ​គ្រប់គ្រាន់​ទៅហើយ ដើម្បី​សន្និដ្ឋាន​ថា អាជ្ញាធរ​ស៊ីរី​ជាប់ពិរុទ្ធ​ក្នុង​រឿងនេះ។

ទី២- ការ​ចោទប្រកាន់​ដោយ​បស្ចិមលោក ទៅលើ​ភាគី​ម្ខាង​នៅ​ស៊ីរី​ ថា​បាន​ប្រើ​អាវុធគីមី គឺ​វា​ផ្ទុយនឹង​សេចក្តីថ្លែងការណ៍​រួម​ ចេញដោយ​ជំនួប​កំពូល​នៃ​៨ប្រទេស​មាន​ឧស្សាហកម្ម លូតលាស់​ជាងគេ ហៅថា​G-8 នៅឯ​ប្រទេស​អង់គ្លេស កាលពី​ខែ​មិថុនា​កន្លង​ទៅ ដ្បិតក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះ​ មាន​និយាយ​ថា “ដំណឹងណា​ក៏ដោយ ស្តីអំពី​ការ​ប្រើ​អាវុធគីមី ត្រូវតែ​ទទួល​នូវ​ការ​ស៊ើបអង្កេត​យ៉ាង​ដិតដល់​ជាមុន​សិន”។

ទី៣- តបនឹង​សំនួរ​BBC តើ​រុស្ស៊ី​នឹង​ចាត់​វិធានការ​យ៉ាងណា​ដែរ ប្រសិន​បើ​បស្ចិមលោក​ធ្វើ អន្តរាគមន៍​យោធា​មែន ទៅលើ​កងទ័ព​លោក​ប្រធានាធិបតី​ស៊ីរី ជាមិត្ត​ដ៏ជំនិត​របស់​រុស្ស៊ី លោក Lavrov ឆ្លើយថា រុស្ស៊ី​គ្មាន​បំណង​ច្បាំង​ទល់នឹង​ប្រទេស​ណា​ឡើយ។

ប្រមុខ​ការទូត​រុស្ស៊ី​ក៏​ព្រមាន​ថា អន្តរាគមន៍​យោធា​របស់​លោក​ខាងលិច​ទៅក្នុង​ប្រទេស​ស៊ីរី នឹង​ហែហម​ទៅដោយ​ផលវិបាក​មិន​ចេះចប់​មិន​ចេះហើយ ដូច​ករណី​ប្រទេស Iraq កាលពី ១០ឆ្នាំ​មុន ដែល​រហូត​មកទល់​ឥឡូវ ១ថ្ងៃៗ មាន​មនុស្ស​ធ្លាក់ខ្លួន​ស្លាប់​ទាំង​សិបៗ​នាក់ ដោយមកពី​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក ក្នុង​ប្រទេស​នេះ។

ថ្ងៃនេះ​ ទីក្រុង​ម៉ូស្គូ​ក៏​សំដែង​ការ​សោកស្តាយ​ចំពោះ​ការ​ដែល​ក្រសួង​ការបរទេស​ អាមេរិកាំង លើក​ទៅពេល​ក្រោយ​ទៅវិញ ជំនួប​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃស្អែក​ ទី២៨ សីហា នៅក្រុង La Haye ជាមួយ​ពួក​អ្នកការទូត​រុស្ស៊ី ដើម្បី​ពិភាក្សា​បញ្ហា​រៀបចំ​កោះប្រជុំ​សន្និសីទ​អន្តរជាតិ លើកទី២ នៅក្រុង Geneve ស្តីអំពី​ប្រទេសស៊ីរី​ក្រោម​ឈ្មោះថា “Geneve ទី២”។ លើកពេល​នេះ តាម​ការពន្យល់​នៃ​ភាគី​អាមេរិក ពីព្រោះ​ត្រូវ​រង់ចាំ​ការ​ស៊ើបអង្កេត​ជុំវិញ​រឿង​ប្រើ​អាវុធគីមី​នៅ​ស៊ីរី៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close