ភ្លើងឆេះព្រៃដ៏ធំក្នុងរដ្ឋ California បានរាលដាលលើផ្ទៃដីជាង ៤០០គីឡូម៉ែត្រការ៉េ
ភ្លើងឆេះព្រៃដ៏ធំក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក កំពុងបន្តឆាបឆេះ ហើយបានរាលដាលលើផ្ទៃដីជាង ៤០០គីឡូម៉ែត្រការ៉េ ដោយក្រុមអ្នកពន្លត់អគ្គិសភ័យទប់ស្កាត់បានត្រឹមតែ ១៥% ប៉ុណ្ណោះ។
ផ្ទះសម្បែង ប្រជាពលរដ្ឋ នៅរងការគំរាមកំហែងនៅឡើយ។ រីឯអាងស្តុកទឹកមួយ ដែលផ្តល់ទឹកស្អាតមួយចំណែកធំដល់ទីក្រុង San Francisco ក៏រងការគំរាមកំហែងដូចគ្នា។ គណៈកម្មការសេវាកម្មសាធារណៈរបស់ទីក្រុងនេះបានបង្ហូរទឹក ទៅរក្សាទុកនៅក្នុងអាងស្តុកទឹក ដែលស្ថិតនៅទាបជាងអាងស្តុកទឹកនោះ ហើយកំពុងតែ ត្រួតពិនិត្យសម្ភារៈការពារកុំឲ្យកខ្វក់ទឹកដោយសារកំទិចផេះ។
អភិបាល រដ្ឋ California លោក Jerry Brown បានប្រកាសភាពអាសន្នក្នុងទីក្រុងនេះ ដោយសារមានការគំរាមកំហែងដល់សេវាកម្មសាធារណៈ ហើយលោក បានទៅជួបក្រុមពន្លត់អគ្គិសភ័យក្នុងតំបន់ ដើម្បីមើលពីយុទ្ធសាស្រ្តដែលពួកគេប្រើក្នុងការបញ្ឈប់ភ្លើងកុំ ឲ្យឆេះរាលដាល៕ (Radio Australia)