កម្មករររោងចក្រ SL នៅតែបន្តធ្វើបាតុកម្មតវ៉ាឲ្យដកកងប្រដាប់អាវុធចេញពីរោងចក្រ
ភ្នំពេញ៖ កម្មកររោងចក្រ SL នៅតែបន្តធ្វើបាតុកម្មបិទផ្លូវនៅត្រង់ផ្លូវបំបែកជាបួន ស្តានដែកចម្ការដូង ខណ្ឌដង្កោ នាថ្ងៃទី ២៦ សីហានេះ ដើម្បីតវ៉ាទាមទារឲ្យមានការដកនូវកងប្រដាប់អាវុធចេញពីបរិវេណរោងចក្រ។
បើតាមសម្ដីរបស់លោក អ៊ួច មឿន ដែលជា អគ្គលេខាធិការសម្ពន្ធ័សហជីពប្រជាធិតេយ្យកម្មករករកាត់ដេប្រចាំរោងចក្រ SL បានឲ្យដឹងថា ក្រុមហ៊ុនមានការគាបសង្កត់កម្មករយ៉ាងខ្លាំង ដោយការយកកម្លាំងប្រដាប់អាវុធមកដាក់ នៅក្នុងបរិវេណរោងចក្រដែលធ្វើឲ្យកម្មករមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់អ្នកខ្លះ ឈប់សម្រាក់ត្រឡប់ទៅផ្ទះ។
លោក អ៊ួច មឿនបានបន្តថា «ចាប់តាំងពី ឯកឧត្តម មាស សុត្ថា មានវត្តមាននៅក្នុងរោងចក្រ ក៏មានវត្តមានកងប្រដាប់អាវុធនៅក្នុងរោងចក្រ មានសុទ្ធតែកាំភ្លើងអញ្ចឹង ធ្វើឲ្យកម្មករមិនសប្បាយចិត្ត ប៉ះពាល់ដល់សតិអារម្មណ៍ពួកគាត់ ហើយដោយសារផ្អែតទៅនឹងប្រទេសជាតិកំពុងតែមានបញ្ហាជាមួយនឹងការជ្រើសតាំងរដ្ឋាភិបាលផង។»
បើតាមលោក មាស សុត្ថា ដែលជាអ្នកមើលការខុសត្រូវនៅក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនមួយផងបាននិយាយបដិសេធទៅកាន់អ្នកសារពត័មានតាមទួរសព្ទយ៉ាងប្រញាប់ប្រញាលថា លោក មិនបានដាក់កងប្រដាប់អាវុធ នៅក្នុងរោងចក្រទេ។
ក្រៅពីការស្នើឲ្យក្រុមហ៊ុនដកនូវកងប្រដាប់អាវុធចេញនោះកម្មករកម្មការនីប្រមាណជា៦០០០ នាក់ ក៏បានធ្វើការតវ៉ាឲ្យតំណាងក្រុមហ៊ុនដោះស្រាយនូវលក្ខខណ្ឌមួយចំនួនទៀតដូចជា៖
១ ស្នើរឲ្យក្រុមហ៊ុនបែងចែកវេណធ្វើការឲ្យបានត្រឹមត្រូវ និង មានការឯកភាពពីកម្មករកម្មការនីនៃក្រុមហ៊ុន SL ទាំងអស់។
២ ស្នើរឲ្យក្រុមហ៊ុនដកលោក មាស សុត្ថា ចេញពីក្រុមហ៊ុន។
៣ស្នើរឲ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលនៅថ្ងៃទី៧ រៀងរាល់ខែ ឬក៏បើកមុនបើចំថ្ងៃបុណ្យជាតិ។
៤ ស្នើរឲ្យក្រុមហ៊ុនអនុវត្តនូវកិច្ចព្រមព្រៀងចុះថ្ងៃទី១០ ឧសភាឆ្នាំ២០១៣ ឲ្យបានត្រឹមត្រូវ។
៥ អោយក្រុមហ៊ុនផ្ដល់ប្រាក់ថ្លៃបាយចំនួន ៣ដុល្លារ។
៦ ស្នើរឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករដូចគ្នា ក្នុងការប៉ិនប្រសប់ និងតួនាទីដូចគ្នា។
៧ ស្នើរឲ្យក្រុមហ៊ុន គិតពីកិច្ចសន្យាម៉ោងការងារថ្មី( ពី ១២ ម៉ោង មកត្រឹម ១០ម៉ោង ៣០នាទីវិញ។
៨ អោយក្រុមហ៊ុន តំឡើងប្រាក់ខែគោល ចំនួន ១៥០ដុល្លារ។
៩ ស្នើរឲ្យក្រុមហ៊ុន ដកពាក្យបណ្ដឹងទាំងអស់ពីតុលាការ។
គួរបញ្ជាក់ផងដែរថា ការធ្វើបាតុកម្មនេះចាប់ផ្ដើមតាំងពីថ្ងៃទី ១២ សីហាមកម្ល៉ះហើយ មកដល់ថ្ងៃនេះគេពុំទាន់ឃើញមានមន្រ្ដីស្ថាប័នដែលពាក់ពន្ធ័ ឬក៏តំណាងក្រុមហ៊ុនណាមួយចេញមុខជួយធ្វើអន្តរាគមន៍ដោះស្រាយនៅឡើយទេ៕ បេឡា/Cambodia News