រណសិរ្សរំដោះប៉ាឡេស្ទីន ផ្ទាំងស៊ីបនៃការវាយប្រហារសងសឹករបស់អ៊ីស្រាអែល
ទាហាន អ៊ីស្រាអែល បានដៅទិសទម្លាក់គ្រាប់បែកទៅលើទីតាំងមួយស្ថិតក្នុងទឹកដីលីបង់ នៅថ្ងៃសុក្រនេះ ដើម្បីជាការសងសឹក។ បើតាមអ៊ីស្រាអែលដដែល មកពី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មានគ្រាប់រ៉ុកកែតផ្លោងចេញពីទឹកដីលីបង់នេះ ទៅលើភាគខាងជើងអ៊ីស្រាអែល បណ្តាលឱ្យខូចខាតសម្ភារៈច្រើន តែគ្មានមនុស្សស្លាប់ទេ។ ប៉ុន្តែ ការវាយប្រហារនេះ ជាស្នាដៃរបស់កងពល Abdallah-Azzam ស្និទ្ធនឹងអាល់កៃដាសោះ។
យន្តហោះ យោធារបស់កងកម្លាំងអ៊ីស្រាអែល បានដៅការវាយប្រហារទៅលើទីតាំងរបស់ក្រុមរណសិរ្សរំដោះប៉ាឡេស្ទីន តាមបណ្តោយព្រំដែនក្នុងដែនដីលីបង់ តាំងពីព្រហាម។ បើក្រុមប៉ាឡេស្ទីន ដែលគេស្គាល់ច្បាស់ជាអ្នកគាំទ្ររដ្ឋាភិបាលស៊ីរីរបស់លោក បាស្ហារ អាល់ អាសាទ អ៊ីស្រាអែលបានទម្លាក់មីស្ស៊ីលមួយគ្រាប់ ដែលគ្មានបង្កគ្រោះថ្នាក់ដល់ជីវិត ឬការខូតខាតសម្ភារៈអ្វីទេ។
ក៏ប៉ុន្តែ ក្រុមរណសិរ្សរំដោះប៉ាឡេស្ទីន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើរបស់អ៊ីស្រាអែល ព្រោះការបាញ់គ្រាប់រ៉ុកកែតកាលពីថ្ងៃព្រហស្បតិ៍ ជាស្នាដៃរបស់ក្រុម Abdallah-Azzam ដែលប្រកាសទទួលស្គាល់ដោយក្តែងៗ។ អ៊ីស្រាអែលដឹងហើយ នៅតែបាញ់សងសឹកមកលើអង្គការដែលមិនប្រកាន់សាសនាស្និទ្ធនឹងរបប ស៊ីរីទៀត។
យ៉ាងណាក៏ដោយ សម្រាប់អ៊ីស្រាអែល គឺលីបង់ និងកងទ័ពលីបង់មានចំណែកទទួលខុសត្រូវក្នុងការបាញ់រ៉ុកកែតលើទឹក ដីអ៊ីស្រាអែល ទោះជាអ្នកធ្វើជាពួកអ៊ីស្លាមជ្រុលនិយម ជីហាត។ តែកងទ័ពជើងអាកាស អ៊ីស្រាអែលបានដៅការវាយប្រហារបានត្រង់ និងចំទិស ទៅលើក្រុមភេរវជន។
ការវាយប្រហារផ្លូវអាកាសអ៊ីស្រាអែលនេះ ប្រព្រឹត្តទៅជួនចំពេលដែល ប្រធានាធិបតីលីបង់ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការបាញ់រ៉ុកកែតលើ អ៊ីស្រាអែល ថាជាការរំលោភអធិបតេយ្យលីបង់ និងលើសេចក្តីសម្រេចចិត្តលេខ ១៧-០១របស់អង្កការសហប្រជាជាតិ។ ប្រមុខលីបង់មិនចង់ឃើញមានការសងសឹកពីអ៊ីស្រាអែលជិតខាង។ ប៉ុន្តែសម្រាប់អតីតនាយករដ្ឋមន្ត្រីលីបង់ទើបលាលែងចេញពីតំណែងវិញ ទង្វើរបស់អ៊ីស្រាអែលបង្ហាញយ៉ាងច្បាស់អំពីចេតនារបស់ភាគីបរទេស ដែលចង់ប្រែក្លាយលីបង់ទៅជាសមរភូមិសម្រាប់សងសឹកគ្នា៕ដោយ អៀង សុខម៉ិញ (RFI)