អូស្ត្រាលីនឹងចូលរួមក្នុងសមយុទ្ធយោធាដែលមានការចូលរួមពី១៨ប្រទេសនាឆ្នាំក្រោយនេះ
ប្រទេសអូស្ត្រាលីនឹងចូលរួម នៅក្នុងសមយុទ្ធ យោធាមួយនៅឆ្នាំក្រោយនេះ ដែលគ្រោងនឹងមាន ១៨ប្រទេសចូលរួម។ គោលបំណងមួយផ្នែកនៃការរៀបចំសមយុទ្ធនេះឡើង គឺដើម្បីប្រឆាំងទៅនឹងការគំរាមកំហែងសន្តិសុខដែនសមុទ្រនៅសមុទ្រ ចិនខាងត្បូង។
កងកម្លាំង ទ័ពជើងទឹកប្រទេសឥណ្ឌូណេស៊ីបានប្រកាសកាល ពីម្សិលមិញនេះថា សមយុទ្ធយោធាឆ្នាំ ២០១៤ដែលមានឈ្មោះថា សមយុទ្ធចម្រុះជាតិសាសន៍ Komodo នឹងមានការចូលរួមពីសមាជិកទាំង១០ប្រទេស នៃសមាគមអាស៊ាន ព្រមទាំងប្រទេសចំនួន ៨ផ្សេងទៀតរួមមានអូស្ត្រាលី សហរដ្ឋអាម៉េរិក ជប៉ុន និងចិនជាដើម។
គេរំពឹងថាសមយុទ្ធនេះនឹងត្រូវធ្វើឡើងអំឡុងខែមេសាឆ្នាំក្រោយក្នុងដែនទឹករវាងជ្រោយម៉ាឡេស៊ី និងកោះបូណេអូ។
ប្រទេស ឥណ្ឌូណេស៊ីក៏បានបន្តទៀតថាសមយុទ្ធនេះក៏នឹងផ្តោតទៅលើជំនួយមនុស្ស ធម៌ និងការជួយសង្រ្គោះក្នុងគ្រាមានអាសន្នផងដែរ៕ (Radio Australia)