ក្រសួងពាណិជ្ជកម្មប្រកាសឲ្យម្ចាស់អាជីវកម្ម ស្នើសុំលិខិតអនុញ្ញាត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញនូវសេចក្ដីសម្រេចមួយកាលពីចុងខែកក្កដាកន្លងទៅ ដើម្បីឲ្យគ្រប់ពាណិជ្ជករ អាជីវករ សេវាករ សហគ្រាស ដែលមិនជាប់ពាក់ព័ន្ធនឹងកាតព្វកិច្ច ចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងឬ មន្ទីរពាណិជ្ជកម្ម ត្រូវមានកាតព្វកិច្ចមកសុំការអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម ពីមន្ទីរពាណិជ្ជកម្មរាជធានី ខេត្តដែលមានដែនសមត្ថកិច្ចនៅទីនោះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ការគ្រប់គ្រងសកម្មភាពអាជីកម្មសេវាកម្មពាណិជ្ជកម្ម ដែលចុះហត្ថលេខាដោយលោក ចម ប្រសិទ្ធ នោះក៏បានបញ្ជាក់ផងដែរថា គ្រប់ពាណិជ្ជករ អាជីវករ សេវាករ និង សហគ្រាសពាណិជ្ជកម្ម ត្រូវតែមានកាតព្វកិច្ចបង់សេវាសាធារណៈជូនរដ្ឋ ដូចដែលមានចែងនៅក្នុង កម្រងសេវាសាធារណៈ នៃការប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។
ក្នុងករណីដែលពាណិជ្ជករ អាជីវករ សេវាករ សហគ្រាសពាណិជ្ជកម្ម ណាដែលមិនបានសុំលិខិតអនុញ្ញាត ត្រូវចាត់ទុកជាការប្រកបអាជីវកម្មល្មើសនឹងច្បាប់ ហើយនឹងត្រូវផ្អាកធ្វើអាជីវកម្ម ហើយត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ទៅ ៥០ម៉ឺនរៀល ៕ Cambodia News