អង់គ្លេសលើកហេតុផលពីការឃុំខ្លួនគូស្នេហ៍អ្នកសារព័ត៌មានអង់គ្លេសមួយរូប
នៅថ្ងៃអង្គារនេះ ក្រសួងមហាផ្ទៃអង់គ្លេស បានគូសបញ្ជាក់ពីហេតុផលដែលប៉ូលិសបានឃុំខ្លួនជនជាតិប្រេស៊ីលម្នាក់ គឺលោក David Miranda ដែលជាគូស្នេហ៍របស់អ្នកសារព័ត៌មានអង់គ្លេសមួយរូប។ David Miranda ធ្លាប់បានចូលរួមចុះផ្សាយព័ត៌មានផ្តល់ដោយ Edward Snowden ស្តីពីឯកសារសំងាត់នៃប្រព័ន្ធស៊ើបការរបស់រដ្ឋាភិបាល អាមេរិក។ យោងតាមក្រសួងមហាផ្ទៃអង់គ្លេស ប៉ូលិសមានកាតព្វកិច្ចធ្វើសកម្មភាពលើជនដែលជាប់សង្ស័យថា បានកាន់កាប់ឯកសារដែលគេលួចយក ហើយដែលឯកសារនេះអាចជួយបង្កជាសកម្មភាពភេរវកម្ម។
បុរស ជនជាតិប្រេស៊ីល David Miranda ត្រូវបានប៉ូលិសអង់គ្លេសឃុំខ្លួនរយៈពេល៩ម៉ោង កាលពីថ្ងៃចន្ទ នៅអាកាសយានដ្ឋានទីក្រុងឡុង ស្របតាមច្បាប់អង់គ្លេសស្តីពីអំពើភេរវកម្ម។ យោងតាមអគ្គនាយកសារព័ត៌មានអង់គ្លេស Guardian ប៉ូលិសបានសួរចំលើយ David Miranda ហើយថែមទាំងបានដកហូតយកកុំព្យូទ័រ និងបណ្ណកុំព្យូទ័រដែលផ្ទុកទុកនូវឯកសារផ្សេងៗរបស់លោកទៀតផង។
បន្ទាប់ ពីត្រូវបានឃុំខ្លួនមក លោក Miranda បានធ្វើពាក្យប្តឹងផ្តល់តាមផ្លូវច្បាប់ ពីទង្វើដែលប៉ូលិសអង់គ្លេសបានធ្វើលើរូបលោក និងដើម្បីទាមទារយកឧបករណ៍ទាំងនោះមកវិញ។ លោកមិនចង់អោយមានការថតចំលងឯកសារចេញពីបណ្ណកុំព្យូទ័ររបស់លោកនោះ ទេ។ គួររំលឹកថា David Miranda មិនមែនជាអ្នកសារព័ត៌មានទេ តែជាគូស្នេហ៍របស់ អ្នកសារព័ត៌មានអង់គ្លេសមួយរូប ឈ្មោះ Glenn Greenwald បំរើការអោយសារព័ត៌មាន Guardian។ Edward Snowden ដែលជាអតីតទីភ្នាក់ងារCIA និងទីភ្នាក់ងារសន្តិសុខជាតិអាមេរិកNSA ធ្លាប់បានទាក់ទងផ្តល់ព័ត៌មានស្តីពីប្រព័ន្ធស៊ើបការរបស់ រដ្ឋាភិបាលអាមេរិក ដល់អ្នកសារព័ត៌មានអង់គ្លេសរូបនេះ។ ក្រោយមក David Miranda បានចូលរួមចុះផ្សាយព័ត៌មានទាំងនេះ។
ប៉ូលិសអង់គ្លេសបានឃុំខ្លួន David Miranda នៅពេលដែលលោកទើបតែបានធ្វើដំនើរមកពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចុះចាំយន្តហោះនៅទីក្រុងឡុង មុននឹងបន្តដំណើរទៅប្រេស៊ីលទៀត។ អាជ្ញាធរប្រេស៊ីល អង្គការសិទ្ធិមនុស្សជាច្រើន និងបក្សប្រឆាំងអង់គ្លេស បានតវ៉ាប្រឆាំងនឹងការឃុំខ្លួននេះ។
នៅថ្ងៃអង្គារនេះ ក្រសួងមហាផ្ទៃអង់គ្លេសបានលើកហេតុផលពីការឃុំខ្លួនលោក David Miranda ថា ប៉ូលិសអង់គ្លេសមានកាតព្វកិច្ចធ្វើសកម្មភាពលើជនដែលជាប់សង្ស័យ ថាបានកាន់កាប់ឯកសារដែលគេបានលួចយក ហើយដែលឯកសារនេះអាចជួយអោយមានជាសកម្មភាពភេរវកម្ម។ ក្រសួងមហាផ្ទៃបន្ថែមទៀតថា រដ្ឋាភិបាលនិងប៉ូលិសអង់គ្លេសមានកាតព្វកិច្ចការពារសាធារណជន និងសុវត្ថិភាពសន្តិសុខប្រទេសជាតិ៕ដោយ ព្រំ សឿន សូលីណា (RFI)