ជនសង្ស័យ៤នាក់ ពីបទផ្សព្វផ្សាយខិត្តប័ណ្ណញុះញង់ត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ សីហា ម្សិលមិញនេះ ជនសង្ស័យចំនួន៤នាក់ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទផ្សព្វផ្សាយខិត្តប័ណ្ណឃោសនាមានខ្លឹមសារញុះញង់ ឲ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ។
ការសម្រេចដោះលែងជនសង្ស័យទាំង៤នាក់នេះ ត្រូវបានបញ្ជាក់ថា គឺដោយសារតែម្តាយ និងបងៗរបស់ជនសង្ស័យ បានចេញមុខធានា និងសន្យាថា មិនឲ្យពួកគេប្រព្រឹត្តអំពើបែបនេះទៀត និងសាម៉ីខ្លួនផ្ទាល់បានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នកាលពី រសៀលថ្ងៃទី១៩ សីហា ដោយភ្ជាប់នូវការសន្យាមិនប្រព្រឹត្តអំពើបែបនេះទៀត។
សូមរំលឹកថា ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនជាបន្ត បន្ទាប់កាលពីថ្ងៃទី១៤ និងទី១៥ ខែសីហា កន្លងទៅថ្មីៗនេះ ហើយត្រូវបានតុលាការក្រុងភ្នំពេញធ្វើការចោទប្រកាន់កាលពីថ្ងៃទី១៧ ខែសីហា ពីបទទាក់ទងនឹងការបោះពុម្ពខិត្តប័ណ្ណដែលមានខ្លឹមសារ ញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ពួកគេទាំង៤នាក់មានឈ្មោះ ទន់ ចាន់បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ, ឈ្មោះ ហ៊ី បូរិន ភេទប្រុស អាយុ៣២ឆ្នាំ, ឈ្មោះ សុខ ដាលីស ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះ លឹម លីផេង ភេទស្រី អាយុ៣២ឆ្នាំ ជាម្ចាស់ហាងថតចម្លងយីហោម៉េងកៅ មានទីតាំងស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា៕ នាង/Cambodia News