រថភ្លើង​បរកិន​អ្នកកាន់​សាសនា​ហ៊ីនឌូ ស្លាប់ ៣៧នាក់ និង​របួស​ជា​ច្រើន​នាក់

នៅ ​ក្នុង​ប្រទេស​ឥណ្ឌា មាន​ស្លាប់​អ្នកកាន់សាសនា​ហ៊ីនឌូ​យ៉ាង​តិច ៣៧នាក់​នៅ​ក្នុង​គ្រោះថ្នាក់​រថភ្លើង​បរកិន​នៅ​ក្នុង​រដ្ឋ​ប៊ីហារ។ ឧប្បត្តិហេតុ​នោះ​បាន​កើត​មាន​ឡើង នៅ​ពេល​ដែល​អ្នកស្វែងបុណ្យ​សាសនា​ហ៊ីនឌូ​មួយ​ហ្វូង​បាន​ដើរ​ឆ្លង​ ផ្លូវរថភ្លើង។ ក្រោយ​ហេតុការណ៍​នោះ​ភ្លាម ហ្វូងមនុស្ស​ក៏​បាន​ព្រួត​គ្នា​វាយ​អ្នកបើករថភ្លើង​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។

ខណៈ​នេះ អ្នកបើកបរ​រងរបួស​ធ្ងន់​កំពុង​មាន​ស្ថានភាព​ស្ទើរស្លាប់ ស្ទើរ​រស់។ នេះ​ក៏​ដោយសារ​តែ​កំហឹង​របស់​ក្រុមអ្នកស្វែងបុណ្យ​សាសនា​ហ៊ីនឌូ​ផង និង​ក្រុម​ប្រជាជន​រស់​ក្នុង​តំបន់​កើត​ហេតុផង។ អ្នកទទួលខុសត្រូវ​ប៉ូលិស​ម្នាក់​ដែល​បាន​រៀបចំ​សណ្តាប់ធ្នាប់​នៅ​កន្លែង​កើត ​ហេតុ​ឲ្យ​ដឹង​ថា ចំនួន​អ្នកស្លាប់ និង​រងរបួស​អាច​មាន​ច្រើន​ជាង​នេះ។ ក្រៅ​ពី​ការ​វាយ​លើ​អ្នកបើកបរ​រថភ្លើង​យ៉ាង​ចាស់​ដៃ​រហូត​ដល់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ហ្វូង​មនុស្ស​ក៏​បាន​នំា​គ្នា​ដុត​បំផ្លាញ​ទូររថភ្លើង​ចំនួន ៦ទូរ ព្រម​ទំាង​កម្ទេច​ស្ថានីយ​រថភ្លើង​នោះ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​អយស្ម័យយាន​ម្នាក់​បាន​ឲ្យ​ដឹង​ថា ក្រុមអ្នកស្វែងបុណ្យ​សាសនា​ហ៊ីនឌូ​ដែល​បាន​ដើរ​ឆ្លង​កាត់​ផ្លូវរថភ្លើង​ទំាង ​នោះ​មិន​បាន​ដឹង​ពី​ការ​មក​ដល់​នូវ​រថភ្លើង​លើ​ផ្លូវទី៣​នៅ​ស្ថានីយ​នោះ​ ទេ។ រីឯ​ប្រធាន​ក្រុមប្រឹក្សាជាតិ​ផ្នែក​អយស្ម័យយាន​បាន​បញ្ជាក់​ថា នៅ​ឯ​ស្ថានីយ​នោះ មាន​ចំនួន ៣ផ្លូវ និង​ដែល​ក្នុង​ពេល​កើត​រឿង​នោះ មាន​រថភ្លើង​ចំនួន​ពីរ​ខ្សែ​កំពុង​ចត​នៅ​ទីនោះ​ស្រាប់ រីឯ​មួយ​ខ្សែ​ទៀត​ដែល​បាន​បើក​ចូល​ស្ថានីយ​ដោយ​ជាន់​ហ្វូង​អ្នកកាន់សាសនា​ ហ៊ីនឌូ ក៏​មាន​ការ​អនុញ្ញាត​ឲ្យ​ចូលចត​ក្នុង​ស្ថានីយ​នោះ​ដែរ។

យ៉ាង​ណា​ក៏​ដោយ ឧប្បត្តិហេតុ​នេះ​បាន​ជម្រុញ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ម៉ាន់មូហាន់ ស៊ីញ​ចេញ​មុខ​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ ដើម្បី​ឲ្យ​ក្រុមជួយសង្រ្គោះ​អាច​ធ្វើ​ការ​របស់​ខ្លួន​ប្រកប​ដោយ​ ប្រសិទ្ធិភាព។

គួរ​ជម្រាប​ជូន​ថា នៅ​ឥណ្ឌា ប្រព័ន្ធ​អយស្ម័យយាន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ និង​ដែល​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ប្រមាណ​ជា ១៨លាន ៥សែន​នាក់​ក្នុង​មួយ​ថ្ងៃៗ។ រថភ្លើង គឺ​ជា​មធ្យោបាយ​ធ្វើដំណើរ​មួយ​យ៉ាង​សំខាន់​នៅ​ឥណ្ឌា​ដែល​មាន​ប្រជាជន​រស់នៅ ១ ២០០លាន​នាក់។ តែ​បញ្ហា​សន្តិសុខ​ផ្លូវដែក​នៅ​បន្ត​ចោទ​ជា​បញ្ហា​ដដែល។ ជា​រៀង​រាល់​ឆ្នំា គ្រោះថ្នាក់​រថភ្លើង​មាន​ប្រមាណ​ជា ៣០០លើក​ដោយ​ការ​បើកបុកគ្នា ឬ​មួយ​ក៏​បរធ្លាក់ផ្លូវ និង​ដែល​ពេល​ខ្លះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន។

តាម​របាយការណ៍​ផ្លូវការ​ចេញ​ផ្សាយ​ក្នុង​ឆ្នំា ២០១២ ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​ជិត ១៥ ០០០នាក់​ក្នុង​មួយ​ឆ្នំាៗ​ដោយសារ​តែ​ការ​ដើរ​ឆ្លង​កាត់​ផ្លូវ​រថភ្លើង។ គឺ​ជា​តួលេខ​មួយ​ដែល​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា​ជា « ការ​សម្លាប់​រង្គាល »៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close