ប៉ូលិសថៃចាប់បានថ្នាំញៀនអំហ្វេតាមីនជិតមួយលានគ្រាប់ ជាបរិមាណខ្ពស់ប្រចាំឆ្នាំ
នៅ ថ្ងៃអាទិត្យម្សិលមិញនេះ នៅជិតព្រំដែនរវាងភូមា និងថៃ ប៉ូលិសថៃបានប្រតិបត្តិការចាប់បានថ្នាំញៀនអំហ្វេតាមីនជិតមួយលាន គ្រាប់ ដែលជនល្មើសបានលាក់បង្កប់នៅក្នុងដំបូលរថយន្ត។ ជនល្មើសបួននាក់ត្រូវបានចាប់ខ្លួន។ ពួកគេធ្វើការអោយមេក្រុមចោរម្នាក់ដែលបានភៀសខ្លួន ទៅនៅភូមា។ ជនល្មើសទាំង៤ អាចទទួលទោសជាប់ពន្ធនាគាររាប់សិបឆ្នាំ រឺក៏រហូតដល់ប្រហារជីវិតទៀតផង។
៩សែន៨ម៉ឺន នេះជាចំនួនគ្រាប់ថ្នាំញៀនអំហ្វេតាមីន ដែលថៃហៅថា យ៉ាបា ប្រមូលបានដោយកងកម្លាំងថៃ នៅក្នុងដំបូលរថយន្តមួយគ្រឿង កាលពីថ្ងៃអាទិត្យម្សិលមិញ។ សំរាប់ប៉ូលិស បរិមាណនេះ ជាបរិមាណខ្ពស់ប្រចាំឆ្នាំ។ បើគិតជាចំណូលទឹកប្រាក់សំរាប់ជនល្មើស គ្រាប់ថ្នាំញៀនជិតមួយលានគ្រាប់នេះ មានតំលៃដល់ទៅ៦លានដុល្លារឯណោះ។
បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញទាក់ទងមួយមក ប៉ូលិសថៃបានដាក់របាំងនៅខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេស ដើម្បីឃាត់ខ្លួនជនល្មើស និងឆែកឆេររកថ្នាំញៀន។ ភាគខាងជើងថៃស្ថិតនៅក្នុងតំបន់ត្រីកោណមាស ដែលគិតរួមទៅក៏មានដែនដីមួយភាគនៃប្រទេសភូមា និងប្រទេសឡាវផងដែរ។ តំបន់ត្រីកោណមាសជាជំរកគ្រឿងញៀនដ៏ល្បីល្បាញ ពិសេសជាជំរកនៃថ្នាំញៀនអំហ្វេតាមីនតែម្តង។
យោងតាមការិយាល័យទទួលបន្ទុកគ្រឿងញៀននៃអង្គការសហប្រជាជាតិ រៀងរាល់ឆ្នាំ តំបន់ត្រីកោណមាស បានផលិតថ្នាំញៀនអំហ្វេតាមីនប្រមាណមួយពាន់លានបួនសែនគ្រាប់ គិតជាទឹកប្រាក់ គឺ៨ពាន់លាន៥សែនដុល្លារ។
រដ្ឋាភិបាលថៃបានដាក់ការប្រយុទ្ធគ្រឿងញៀនជាអាទិភាពកិច្ចការជាតិ។ គ្រឿងញៀនអំហ្វេតាមីនបានថយចុះ ក្នុងរបបដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ចន្លោះឆ្នាំ២០០១ដល់២០០៦។ ប៉ុន្តែ បានកើនឡើងមកវិញ នៅក្នុងពេលបច្ចុប្បន្ន ពិសេសនៅសាលារៀននានានៅតាមខេត្ត និងនៅតាមក្លឹបរាត្រីក្រុងបាងកក៕ដោយ ព្រំ សឿន សូលីណា (RFI)