រុស្ស៊ីអាចជន្លៀសមនុស្ស១សែននាក់ ដោយសារទឹកជំនន់
ក្រសួងអភិវឌ្ឈន៍តំបន់រុស្ស៊ី បានប្រកាសនៅថ្ងៃសៅរ៍ម្សិលមិញថា អាជ្ញាធររុស្ស៊ីអាចនឹងជន្លៀសមនុស្សរហូតដល់ទៅ១សែននាក់ ដើម្បីការពារសុវត្ថិភាពពួកគេអោយរួចផុតពីគ្រោះទឹកជំនន់ ដែលតំបន់ចុងភាគខាងកើតរុស្ស៊ី កំពុងជួបប្រទះជិតមួយខែមកនេះ។ នៅពេលនេះ អាជ្ញាធរបានជន្លៀសមនុស្សប្រមាណជាង ១ម៉ឺន៧ពាន់នាក់ហើយ។ រដ្ឋាភិបាលរុស្ស៊ី បានផ្តល់ទឹកប្រាក់៧៣លានអឺរ៉ូ ជួយដល់តំបន់រងគ្រោះ និងសន្យាជួសជុលសាងសង់ការខូចខាតឡើងវិញទាំងស្រុង។
តំបន់ ចុងភាគខាងកើតរុស្ស៊ីបានរងគ្រោះដោយទឹកជំនន់ អស់រយៈពេលជិតមួយខែមកហើយ ដោយសារតែភ្លៀងធំ និងការជន់លិចពីទន្លេអាមួ ដែលជាទន្លេធំបំផុតនៅតំបន់ស៊ីបេរី និងពីដៃទន្លេអាមួ ដែលមានឈ្មោះថា ហ្សីយ៉ា។ តំបន់រងគ្រោះទាំងនេះ គឺតំបន់អាមួ និងខាបារ៉ូវស្កឺ។ នៅទីនោះ អាជ្ញាធរបានជន្លៀសមនុស្សជាង ១ម៉ឺន៧ពាន់នាក់ ហើយ ហើយចំនួនជនភៀសខ្លួនប្រហែលអាចកើនដល់១សែននាក់។
ទឹក បានជន់លិចភូមិធំៗចំនួន១២១ និងត្របាក់ផ្ទះអស់៥ពាន់បីរយខ្នង។ អគ្គិសនីត្រូវកាត់ផ្តាច់ ហើយផ្លូវថ្នល់និងស្ពានជាច្រើនបានរងខូចខាត។ ទោះយ៉ាងនេះក្តី យោងតាមប្រធានាធិបតីពូទីន អាជ្ញាធរមានសមត្ថភាពគ្រប់គ្រងស្ថានភាពទឹកជំនន់បាន។ ប្រធានាធិបតីរុស្ស៊ី បានសុំអោយថ្នាក់ដឹកនាំតំបន់រងគ្រោះទាំងនោះ ធ្វើយ៉ាងណាចៀសវាង កុំអោយមានមនុស្សស្លាប់។ លោកពូទីនបានសន្យានឹងជួសជុល សាងសង់ការខូចខាតនៅតំបន់រងគ្រោះឡើងវិញ។
លោក វិចទរ អ៊ីសាអេវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទរុស្ស៊ី បានចុះជួបប្រជាជននៅតំបន់រងគ្រោះ ហើយបានប្រាប់ពួកគេថា លោកមានបំណងអោយការងារសង្គ្រោះមនុស្ស និងការជួសជុលសាងសង់ សំរេចអោយបានចប់សព្វគ្រប់ក្នុងដំណាច់ខែសីហានេះ ដើម្បីអោយសិស្សសាលាបានចូលរៀនទាន់ពេលវេលា។
គួររំលឹកថា កាលពីឆ្នាំ២០១២ រុស្ស៊ីបានរងគ្រោះដោយទឹកជំនន់ជាច្រើន ក្នុងកំឡុងពេលដូចគ្នានេះដែរ នៅភាគនិរតីប្រទេស។ នៅទីនោះ ទឹកជំនន់បានសម្លាប់មនុស្ស១៧២នាក់៕ដោយ ព្រំ សឿន សូលីណា (RFI)