ហឺតជាជំងឺរលាកទងសួតរ៉ាំរ៉ៃ
សុខភាព៖ ហឺតជាជំងឺរ៉ាំរ៉ៃ ភាពធ្ងន់ធ្ងរ និងការធ្វើទុក្ខ មានញឹកញាប់ ឬរង្វើល ប្រែប្រួលខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នក់ គេអាចសម្គាល់ថាមានជំងឺហឺតនេះ ដោយអ្នកជំងឺជួបការលំបាកក្នុងការដកដង្ហើម និងដកដង្ហើមចេញចូលមានលាន់ឮសំឡេងដូចគេហួច។
អាការៈរោគសញ្ញា អាចស្តែងចេញច្រើនដងក្នុងមួយថ្ងៃៗ ឬក្នុងមួយសប្តាហ៍ ហើយធ្លាក់ធ្ងន់ធ្ងរបាននៅពេលណាដែលអ្នកជំងឺប្រឹងប្រើកម្លាំង ច្រើន ឬនៅពេលយប់។ នៅពេលហឺតចាប់ផ្តើមធ្វើទុក្ខឡើង ទងសួតហើម ដែលជាហេតុធ្វើឱ្យរន្ធបញ្ចេញនិងស្រូបយកខ្យល់ចង្អៀត ដកដង្ហើមចេញចូលពិបាក។
ដោយសារហឺតនេះ អ្នកជំងឺច្រើនជួបអាការៈគេងមិនលក់ នឿយហត់ជាប់រហូតនៅពេលថ្ងៃ កម្លាំងចុះខ្សោយ មិនចង់ចង់បញ្ចេញសកម្មភាព។ ប៉ុន្តែបើប្រៀបទៅនឹងជំងឺរ៉ាំរ៉ៃផ្សេងទៀត អត្រាស្លាប់ព្រោះហឺតមានកំរិតទាបបំផុត។
គេនៅពុំទាន់អាចបំភ្លឺឱ្យបានច្បាស់នៅឡើយ អំពីបុព្វហេតុស៊ីជម្រៅនៃជំងឺហឺត។ ប៉ុន្តែកត្តាធំៗនិងសំខាន់ៗ គឺមានទំនាក់ទំនងនឹងហ្សែន និង ការស្រូបដង្ហើមដោយសារធាតុ និងធាតុល្អិតឆ្មារៗក្នុងបិរស្ថាន បរិយាកាសមិនបរិសុទ្ធ ដែលងាយនឹងបង្កជាប្រតិកម្ម Allergique ឬងាយធ្វើផ្លូវដង្ហើមរលាក។
ជំងឺហឺត មិនអាចព្យាបាលជាដាច់ស្រឡះទេ ប៉ុន្តែបើមានការតាមដានជំងឺជាប់លាប់ល្អ ការធ្វើទុក្ខក៏មិនសូវមាន ការរស់នៅក៏បានប្រសើរ។ ការប្រើថ្នាំ គឺជាកាយវិការបន្ទាន់ សម្រួលអាការៈសញ្ញាធ្វើទុក្ខ ប៉ុន្តែគ្មានការធូរស្បើយ អ្នកជំងឺត្រូវតែធ្វើការព្យាបាលជាប្រចាំ រាល់ថ្ងៃ ដើម្បីព្យាបាលការរលាក និងការពារកុំឱ្យអាការៈធ្វើទុក្ខស្តែងឡើងបាន។
ថ្នាំពេទ្យមិនមែនជាមធ្យោបាយតែមួយគត់ដែលប្រើសម្រាប់ប្រយុទ្ធនឹង ជំងឺហឺតឡើយ។ វាគឺជាការសំខាន់ណាស់ដែលបុគ្គលអ្នកជំងឺផ្ទាល់ត្រូវចេះដឹង ស្គាល់ និងគេចឱ្យបានពីអ្វីដែលបង្កវិបត្តិ បង្កការធ្វើទុក្ខ ពោលគឺចៀសវាងកុំឱ្យមានការកកិត រលាកផ្លូវដង្ហើម។ ថ្វីបើមានមនុស្សស្លាប់តិចតួចព្រោះជំងឺហឺតក៏ដោយ ក៏ការប្រើប្រាស់ថ្នាំមិនសមស្រប គ្មានការតាមដានពេលព្យាបាលអាចនាំដល់គ្រោះមរណបានយ៉ាងងាយ៕ វត្តី/Cambodia News