ទ្វារជ័យវិមានសន្តិភាព ត្រូវរថយន្តក្មេងស្ទាវបើកបុកផុង និងបែកប្រអប់ទ្វារ
ភ្នំពេញ៖ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ សីហា ទ្វារជ័យដែលសម្រាប់តែព្រះមហាក្សត្រ និងថ្នាក់ដឹកនាំសំខាន់ចេញចូល របស់វិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានក្មេងស្ទាវមួយក្រុមដែលមានគ្នា៣នាក់ បើកបរក្នុងសភាពស្រវឹងបុក បណ្តាលឲ្យផុងទ្វារ និងបែកប្រអប់ទ្វារ។
បើតាមសមត្ថកិច្ចយាមនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2R 5700 ជិះគ្នា៣នាក់ជាយុវជនស្ថិតក្នុងសភាពស្រវឹង ធ្វើដំណើរតាមផ្លូវលេខ១១៤ ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ យុវជនទាំង៣នាក់ច្រឡំផ្លូវស្មានតែផ្លូវបត់បានបួងចង្កូតទៅបុក ក្លោងទ្វារជ័យរបស់វិមាន សន្តិភាពបណ្តាលឲ្យផុងទ្វារដែកនិងបែកប្រអប់ទ្វារ ហើយរថយន្តបង្កព្យាយាមបើករត់គេចទៅដល់ផ្លូវលេខ៩៤ ខាងត្បូងវត្តភ្នំ មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្កាត់ ស្រះចក ខណ្ឌដូនពេញ ត្រូវសមត្ថកិច្ចដេញតាមឃាត់រថយន្តបាន និងឃាត់ខ្លួនយុវជនទាំង៣នាក់បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ។
ប៉ុន្តែបើតាមការអះអាងពីយុវជនទាំង៣នាក់បានឲ្យដឹងថា មុនពេលកើតហេតុដោយសារតែរូបគេបើកគេចនឹងម៉ូតូមួយគ្រឿងទើបជ្រុល ចង្កូតទៅបុកទ្វារជ័យវិមានសន្តិភាពបែបនេះតែម្តង៕ Cambodia News