លោក សម រង្ស៊ី ត្រឡប់មកដល់ កម្ពុជាវិញហើយ
ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោង ៩ និង១០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣នេះ។
នៅក្នុងដំណើរត្រឡប់មកដល់កម្ពុជា បន្ទាប់ពីចាកចេញអស់រយៈពេល ១០ថ្ងៃនោះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេសង្កេតឃើញមានការទទួលស្វា គមន៍ពីសមាជិក សមាជិក គណបក្សសង្រ្គោះជាតិ ១០០-២០០នាក់។ ជាមួយគ្នានេះ ក៏មានការយាមកាម និង សម្រួលចរាចរណ៍ពីកម្លាំងសមត្ថកិច្ចជាច្រើននាក់ផងដែរ។
សេចក្តីរាយការណ៍ ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន អាអេហ្វប៉េ របស់បារាំងបានដក់ស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ស្រី ចេន សាគី (Jen Psaki) ដូចដែលបាន និយាយថា “ យើងសូមជំរុញអោយមេដឹកនាំគណបក្សនយោបាយប្រទេសកម្ពុជាវិលត្រឡប់ ទៅរកតុចរចា ហើយធ្វើការរួមគ្នា ដើម្បីសម្រេចលទ្ធផលមួយដែលនឹងបម្រើផលប្រយោជន៍ធំបំផុតរបស់ប្រជាជន កម្ពុជា”។
លោក ស្រី បានស្នើអោយគ្រប់ភាគីទាំងអស់ ធ្វើសកម្មភាពដោយសន្តិវិធី ហើយដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះ នៃការបោះឆ្នោត ជាជាងការងាកទៅរកការគំរាមកំហែង ការបំភិតបំភ័យ ការគាបសង្កត់ ឬភាពវឹកវរដ៏ហិង្សា។
អាមេរិក បានបង្ហាញជំហរបែបនេះ ទន្ទឹមពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់មកដល់កម្ពុជាវិញនៅព្រឹកនេះ។ លោក គ្រាន់តែនិយាយថា លោកនឹងដោះស្រាយក្តីបារម្ភរបស់ពលរដ្ឋ។ ចំណែកមុនពេលការធ្វើដំណើរមកភ្នំពេញមួយថ្ងៃ លោក និយាយអំពីការដោះស្រាយដោយសន្តិវិធី៕ Cambodia News