គ.ជ.ប បន្តការសើរើដោះស្រាយបណ្ដឹងខេត្តក្រចេះ
ភ្នំពេញ៖ នារសៀល ថ្ងៃទី ១៥ សីហានេះ គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានសើររើ ត្រួតពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលនៃការបោះឆ្នោតឃុំស្វាយជ្រះ ក្នុងខេត្តក្រចេះ តាមការប្ដឹងតវ៉ា របស់គណបក្សសង្គ្រោះជាតិសម្រាប់លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥នេះ ។
បើតាមលិខិតសំណើរប្ដឹងលេខ ០៨៣ ប្ដឹងដោយ លោក កែវ ភីរម្យ ដែលជាអ្នកតំណាងឲ្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថាការប្ដឹងនេះគឺទាក់ទងទៅនឹងករណីពីរនៅឃុំស្វាយជ្រះ ទីមួយ បញ្ហាប្រជាពលរដ្ឋបាត់ឈ្មោះពីបញ្ជីបោះឆ្នោតឆ្នាំ ២០១២ ហើយទីពីរ មានការក្លែងបន្លំតួលេខ លើទម្រង់១១០៤ ទាំង១៣ការិយាល័យគឺ ការិយាល័យ ០២៥៩, ០៣៦៨, ០២៧៦, ០២៦០, ០២៧៧, ០៤២៤, ០២៦១, ០២៧៨, ០២៦២, ០៣៧៤, ០២៦៣, ០៣៤៥, ០៤០៧។
បើតាមសម្ដីរបស់លោក ហ៊ឺ រ៉ុង ដែលជាប្រធាន នាយកដ្ឋានប្រតិបត្តិការរបស់ គជប បានឲ្យដឹងថាបើសិនជាការត្រួតពិនិត្យទៅឃើញថា ទម្រង់ ១១០២ និង ១១០៤ មានភាពខុសគ្នាទើបជាការកេងបន្លំ។
បន្ទាប់ពីបញ្ចប់ការផ្ទៀងផ្ទាត់លោក ហ៊ឺ រ៉ុង បានបន្តថា «តាមការផ្ទៀងផ្ទាត់រវាង ទម្រង់ ១១០២ ជាមួយនឹង ទម្រង់ ១១០៤ ទៅឃើញថា លទ្ធផលនៅឃុំស្វាយជ្រះ គឺពិតជាត្រឹមត្រូវ មិនមានការបាត់តួលេខ ឬក៏ក្លែងបន្លំនោះទេ»។
លោក ហ៊ឺ រ៉ុង បានបញ្ជាក់ទៅកាន់អ្នកសារពត៌មានចំពោះទម្រង់ ១១០២ ថាជាទម្រង់ ច្បាប់ដើមដែលបាន ចុះហត្ថលេខាទទួលស្គាល់ពី សមាជិតបក្សនយោបាយទាំងអស់ ឯចំណែក ទម្រង់ ១១០៤ វិញជាទម្រង់ដែលត្រូវបានថតចំលងជូនទៅកាន់គណបក្សនយោបាយ នីមួយៗ ទុកជាភស្ដុតាង។
បើតាមសម្ដីរបស់ ឯកឧត្តម គួយ ប៊ុនរឿន ដែលជាតំណាងរាស្រ្តខេត្ត តាកែវ របស់គណបក្ស សង្គ្រោះជាតិ បានឲ្យដឹងថា គជប មិនត្រូវយកលទ្ធផលទម្រង់ ១១០២ នេះមកពីណាមកផ្ទៀងផ្ទាត់នោះទេ បើធ្វើដូចនេះចាត់ទុកថាជាការក្លែងក្លាយ។
ឯកឧត្តម គួយ ប៊ុនរឿន បាននិយាយថាបានអះអាងថា« ដើម្បីឲ្យមានភាពត្រឹមត្រូវទាល់តែ គជប ព្រមបើកកញ្ចប់សុវត្តិភាព (ក) ហើយយកទម្រង់ ១១០២ មកពីកញ្ចប់សុវត្តិភាព(ក) នេះមកផ្ទៀងផ្ទាត់បង្ហាញ ទើបចាត់ទុកថាជាកាត្រឹមត្រូវ។
លោក គួយ ប៊ុនរឿន បានបន្តថា អន្តរជាតិចង់ឲ្យ គជប ដោះស្រាយ ដោយត្រឹមត្រូវ មានតម្លាភាព យុត្តិធម៌ និង សន្តិវិធី សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ហើយ គជប ត្រូវតែ ដោះស្រាយ ជាមួយម្ចាស់បណ្ដឹងមួយ ឲ្យរួចស្រេចសិន ចាំចូលទៅបណ្ដឹងផ្សេងទៀត និងមិនត្រូវឲ្យត្រឹម ប្រធាននាយកដ្ឋានជាអ្នកសម្រេចនោះទេ។
គួរបញ្ជាក់ផងដែរថា គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្ដឹងមកកាន់ គជប ទាំងអស់ចំនួន ១៦ ពាក្យបណ្ដឹង ហើយបណ្ដឹងទាំងនោះ មានចំនួន ១៥ ខេត្ត ក្រុង៕ បេឡា/Cambodia News