គោលនយោបាយរបស់គណបក្សសមរង្ស៊ី
«ចៅសង្កាត់និងមេឃុំសមរង្ស៊ី នឹងចុះចេញពីដំណែង បើសិនជាមិនអាចអនុវត្តតាមគោលនយោទាំង១០របស់គណបក្សនោះទេ។» នេះគឺជាពាក្យសន្យារបស់សមាជិកឃុំសង្កាត់គណបក្សសមរង្ស៊ីក្នុងកំឡុងពេលឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណ្ណត្តិទី៣។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរយះពេល១៥ថ្ងៃ គឺពីថ្ងៃទី១៨ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា គឺ មាន គណបក្ស នយោបាយចំណយន១០ចូលរួមក្នុងការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណ្ណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ។ក្នុងនោះ មានគណបក្សសំខាន់ៗដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សផ្សេងៗទៀត។ យុទ្ធនាការឃោសនាបោះឆ្នោត នេះ នឹងបិទបញ្ចប់ទៅវិញនៅថ្ងៃទី១ខែមិថុនាឆ្នាំ២០១២។
ក្នុងចំនោមគណបក្សនយោបាយទាំង១០នេះ គណបក្សនីមួយៗ មានគោលនយោបាយខុសៗគ្នាមួយចំនួន តែជារួមគឺសុទ្ធតែដើម្បីបម្រើដល់ប្រជារាស្ត្រនិងប្រទេសជាតិទាំងមូល។ គណបក្សសមរង្ស៊ី បានឈរឈ្មោះបោះឆ្នោតចំនួន១៦១៥ឃុំសង្កាត់ស្មើនឹង៩៩% មានសមាជិក ២៤០០៨នាក់ ក្នុងនោះមានស្រ្តីជាង៥០០០នាក់ ហើយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២នេះ ដែលមានរយៈពេល១៥ថ្ងៃ គណបក្សប្រឆាំងមួយនេះ បានចេញយុទ្ធនាការស្វែងរកសម្លេងឆ្នោត របស់ខ្លួនយ៉ាងផុសផុលតាមលទ្ធភាពរបស់ខ្លួនទាំងនៅទីក្រុង និងខេត្ត។
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សសមរង្ស៊ីដែលគេស្កាល់ថាជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានប្រើប្រាស់យុទ្ធសាស្រ្តជាច្រើនដូចជា ការដង្ហែរក្បួនជារថយន្ត និងម៉ូតូ ការចែកខិតបណ្ណ ការចាក់បង្ចាំងស្លាយ និងបទចម្រៀងនាពេលយប់។ ក្នុងមធ្យោបាយទាំងអស់នេះ សុទ្ធតែស្ថិតក្នុងគោលបំណងតែមួយ គឺបង្ហាញពីវីរៈភាព និងគោលនយោបាយធំៗរបស់បក្ស។
ក្នុងគោលនយោបាយទាំងអស់នោះ គណបក្សសមរង្សីក៏បានបង្ហាញគោលនយោបាយរបស់ខ្លួន ដែលទាក់ទងនឹងការបម្រើប្រជាពលរដ្ឋថ្នាក់ឃុំ និងសង្កាត់ មាន១០ចំណុចធំផងដែរ ដែលមានដូចជាទី១ប្រកាន់ខ្ជាប់ សីលធម៌ សច្ចធម៌ យុត្តិធម៌ ទី២ការពារប្រជាពលរដ្ឋស្លូតត្រង់ទូទៅ ទី៣ដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដោយមិនរើសអើង និងមិនទាមទារកម្រៃ ទី៤ផ្តល់សំបុត្រស្នាមផ្សេងៗ យ៉ាងឆាប់រហ័សដល់ប្រជាពលរដ្ឋដោយមិនទារកម្រៃសំរាប់ប្រយោជន៍ផ្ទាល់ខ្លួន ទី៥ការពារដីធ្លីប្រជាពលរដ្ឋ ទី៦បង្កើតសហគមន៍កសិកម្ម និងនេសាទ ប្រជាធិបតេយ្យ ទី៧ការពារព្រៃឈើ និងធនធានធម្មជាតិ ទី៨ប្រើប្រាស់មូលនិធិឃុំប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ពិតប្រាកដ ទី៩បែងចែកជំនួយជាតិ និងអន្តរជាតិដល់ប្រជាពលរដ្ឋដោយមិនរើសអើង និងមិនប្រកាន់បក្ខពួក និងទី១០ជ្រើសរើសមេភូមិថ្មី តាមឆន្ទៈប្រជាពលរដ្ឋ។
លោកស្រេង ឡេង ជាក្រុមប្រឹក្សាសង្កាត់បឹងកក់ទី១ និងជាបេក្ខជនឈរឈ្មោះរបស់គណបក្សសមរង្ស៊ី បានថា៖ «ក្រៅពីគោលនយោបាយទាំង១០នេះ គណបក្សក៏បានផ្សព្វផ្សាយនយោបាយពីការលុបបំបាត់អំពើពុករលួយ ការលុបបំបាត់ការរំលោភយកដីធ្លី ការការពារបូរណភាពទឹកដី ការកាប់បំផ្លាញព្រៃឈើ និងការរំលោភសិទ្ធិកម្មករជាដើម»។
លោក គង់ គាំ ប្រធានស្ដីទីគណបក្ស សម រង្ស៊ីប្រាប់វិទ្យុអាស៊ីសេរីចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ថា ៖ «គណបក្ស សម រង្ស៊ី បានកំណត់ថា ឆ្នាំ២០១២ ឆ្នាំ២០១៣ ជាឆ្នាំសង្រ្គោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីជម្លោះដីធ្លី ទាំងនៅក្នុងផ្ទៃប្រទេស ទាំងនៅក្នុងព្រំដែន នៃប្រទេសទាំងមូល»។ ពោលគឺក្នុងចំនោមគោលនយោបាយទាំង១០ គណបក្សនឹងសង្កត់ធ្ងន់ទៅលើការដោះស្រាយបញ្ហាដីធ្លឺ និងជំលោះព្រំដែន ដោយសារនេះជាវិបត្តិរាំរ៉ៃក្នុងសង្គម។
លោក ស្រេងឡេង បានបន្តថា បើសិនជាគណបក្សសមរង្ស៊ីជាប់ឆ្នោត យើងនឹងគោរពតាមគោលនយោបាយទាំង១០របស់ខ្លួន បើពុំនោះទេ យើងនឹងសុខចិត្តចុះចេញពីតំនែងដោយខ្លួនឯង បើមិនអាចអនុវត្តគោលនយោបាយទាំង១០នេះបាន។ គណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជានេះ មានក្តីសង្ឈឹមថាខ្លួននឹងជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណ្ណត្តិទី៣ ដែលនឹងមកដល់នាពេលខាងមុខនេះ។
ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តទី២ នៅឆ្នាំ២០០៧ មានគណបក្សនយោយបាយចំនួន ១២ បានចូលរួមប្រកួតប្រជែង ហើយមានគណបក្ស ៥ ទទួលបានអាសនៈ គណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ ដែលក្នុងនោះគណបក្សសមរង្ស៊ី ទទួលបានចំនួន ២.៦៦០ អាសនៈ។
រីឯការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តទី១ នៅឆ្នាំ២០០២វិញ គណបក្ស សមរង្ស៊ីទទួលបាន ចំនួន ១.៣៤៦ អាសនៈ ដែលក្នុងនោះមានគណបក្ស៨ បានចូលរួមប្រកួតប្រជែង ហើយមានតែគណបក្ស ៤ ប៉ុណ្ណោះ ដែលទទួលបានអាសនៈគឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស សមរង្ស៊ី គណបក្ស ប្រជាធិបតេយ្យខ្មែរ។ អត្ថបទ ដោយ លោក វ៉ន សុខាន់ លោក ស្រេង ភារុន និងកញ្ញា លឹម ម៉េងអ៊ី