លោកជាម យៀប៖ ការអំពាវនាវរបស់លោកសម រង្ស៊ី អាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ
ភ្នំពេញ៖ លោកបណ្ឌិតរដ្ឋ ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា បានរិះគន់ ការផ្សាយតាមប្រព័ន្ធហ្វេសប៊ុក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និងកម្លាំងយុវជនទាំងអស់ ក្រោកឈរឡើង ដើម្បីតស៊ូប្រឆាំងប្តូរផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេស។
លោកបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រតិកម្មថា ការអំពាវនាវបែបនេះរបស់លោក សម រង្ស៊ី ហាក់បីដូចជាពន្យុះឲ្យកើតមានកំហឹងឈឺចាប់ ដោយអំពាវនាវទៅមុខព្រួញសំខាន់ ៣គឺ កងកម្លាំងប្រដាប់អាវុធ នគរបាល និងកម្លាំងយុវជន គឺធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ព្រមទាំងផ្ទុយនឹងច្បាប់ព្រហ្មទណ្ឌ និងរដ្ឋធម្មនុញ្ញផងដែរ។
លោកបណ្ឌិតបានបញ្ជាក់ ផងដែរថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងស្រុក មានលោក កឹម សុខា អនុប្រធានគណបក្ស និងមន្ត្រីសំខាន់ៗរបស់គណបក្សជាច្រើននាក់ទៀត បានអបអរសាទរនៃជំនួបរវាងគណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) ដែលបានធ្វើនៅភ្នំពេញ គឺវាផ្ទុយស្រឡះជាមួយអ្វីដែលជាការអំពាវនាវរបស់លោក សម រង្ស៊ី។
នេះបង្ហាញឲ្យឃើញថា លោក កឹម សុខា និងលោក សម រង្ស៊ី សុទ្ធតែមានមហិច្ឆតារៀងៗខ្លួន ផ្ទៃក្នុងគណបក្ស មិនត្រូវគ្នាទេ មិនអាចនៅជាមួយគ្នាបានទេ មានន័យថា គណបក្សប្រជាជនកម្ពុជា ចាប់ដៃចរចាជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែ បែរជាគណបក្សសង្គ្រោះជាតិ មានលាក់កាំបិតស្នៀតពីក្រោយខ្នង ចាំលបចាក់គណបក្សប្រជាជនកម្ពុជា ដូច្នេះសូមប្រជាពលរដ្ឋ ពិចារណាឲ្យបានច្បាស់៕ Cambodia News