ខ្យល់ព្យុះ ទីហ្វុង ឧទ្ធរកំពុងបោកបក់លើកោះហុងកុងនៅថ្ងៃពុធនេះ
បន្ទាប់ពីបានបោកបក់លើប្រទេស ហ្វីលីពីនដែលបានបង្កអោយមនុស្សស្លាប់៦នាក់ ខ្យល់ព្យុះទីហ៊្វុង ឈ្មោះឧទ្ធរ កំពុងវាយប្រហារក្រុងហុងកុង នៅថ្ងៃពុធនេះ។ ខ្យល់ព្យុះដែលត្រូវបានចាត់ទុកចូលក្នុងប្រភេទគ្រោះថ្នាក់ខ្ពស់ បានតម្រូវអោយអាជ្ញាធរប្រកាសបិទផ្សារភាគហ៊ុន សាលារៀន និងជើងយន្តហោះជាច្រើន។
ទីក្រុង ហុងកុងកំពុងទទួលរងការវាយប្រហារ ពីខ្យល់ព្យុះទីហ៊្វុង ឈ្មោះ ឧទ្ធរ បន្ទាប់ពីខ្យល់ព្យុះនេះបានវាយប្រហារប្រទេសហ្វីលីពីនដែលបានធ្វើ បង្កអោយមនុស្សស្លាប់៦នាក់។
ដោយសារកំលាំងខ្យល់ព្យុះដែលត្រូវបានចាត់ទុកចូលក្នុងប្រភេទ គ្រោះថ្នាក់ រដ្ឋាភិបាលក្រុងហុងកុងបានបញ្ជាអោយបិទទ្វារទីផ្សារភាគហ៊ុន សាលារៀន ជាដើម។ អាជ្ញាធរនៃអាកាសយានដ្ឋានអន្តរជាតិហុងកុងបានប៉ាន់ស្មានទុកថា ជើងយន្តហោះប្រហែល១០០ នឹងត្រូវលុបចោល និង ១៧៤ជើងហោះហើរផ្សេងទៀតនឹងត្រូវពន្យាពេលហោះហើរដែរ។ រីឯនាវាចម្លងរវាងកោះហុងកុង និងចិនដីគោកក៏ត្រូវបានផ្អាកដូចគ្នា។
នៅក្នុងទីក្រុងវិញ ទីក្រុងបានប្រែក្លាយជាស្ងាត់ជ្រងំដោយសារតែប្រជាជនបានសំងំនៅក្នុង ផ្ទះ ហើយនៅតាមដងផ្លូវមួយចំនួន មានដើមឈើបានបាក់ដួលរលំពេញផ្លូវ។ នៅថ្ងៃពុធនេះ ខ្យល់ព្យុះ ឧទ្ធរបានធ្វើដំណើរចេញពីហុងកុងឆ្ពោះទៅខេត្តក្វាងទុង ដែលស្ថិតនៅក្នុងភាគអាគ្នេយ៍ក្នុងប្រទេសចិន។ នៅពេលនេះ រដ្ឋាភិបាលនៃខេត្ត ក្វាងទុងក៏កំពុងត្រៀមវិធានការ ដើម្បីជួយសង្គ្រោះពលរដ្ឋក្នុងករណីគ្រោះថ្នាក់ ដោយសារខ្យល់ព្យុះនេះ។ ខ្យល់ព្យុះដែលនឹងបង្កអោយមានការបាក់ដីផងដែរ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានរដ្ឋចិន។
គួររំលឹកឡើងវិញថា ខ្យល់ព្យុះ ឧទ្ធរ ដែលបានឆ្លងកាត់ប្រទេសហ្វីលីពីននោះ បានបង្កអោយពលរដ្ឋហ្វីលីពីន៦នាក់ស្លាប់ ៥នាក់ទៀតបានបន្តបាត់ខ្លួន ជាង៤ម៉ឺននាក់គ្មានជម្រក និងបង្កអោយមានទឹកជំនន់ទៀតផង៕ដោយ លាង ដឺលុច (RFI)