អ.ស.ប.រិះគន់យន្តហោះគ្មានមនុស្សបើក Drone នៅប៉ាគីស្ថាន
ក្នុងឱកាសបំពេញទស្សនកិច្ចពីរថ្ងៃនៅ ប៉ាគីស្ថាន លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងរិះគន់ នៅថ្ងៃអង្គារម្សិលមិញ ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីបុព្វហេតុយោធា។ ប៉ាគីស្ថាន និងយេមែន ពីរប្រទេស ដែល រងគ្រោះ ខ្លាំងជាងគេ ពីការទម្លាក់គ្រាប់បែកអាមេរិក ដោយប្រើយន្តហោះគ្មានមនុស្សបើក។
“ការ ប្រើប្រាស់យន្តហោះDrone ក៏ដូចជាអាវុធផ្សេងៗទៀតដែរ ត្រូវតែអនុលោមទៅតាមច្បាប់អន្តរជាតិ ច្បាប់របស់មនុស្សជាតិ។ អង្គការសហប្រជាជាតិ មានជំហរច្បាស់លាស់ណាស់ត្រង់ចំណុចនេះ។ គ្រប់គ្នាត្រូវខិតខំធ្វើគ្រប់យ៉ាងដើម្បីកុំឱ្យមានកំហុស និងមានជនស៊ីវិលរងគ្រោះ” ! នេះជាប្រសាសន៍របស់លោក បានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅចំពោះមុខតំណាងជាន់ខ្ពស់ដែលមកជួបជុំគ្នាស្តាប់នៅសកលវិទ្យាល័យ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ាគីស្ថាន នាទីក្រុងអ៊ីស្លាមាបាត។
សម្រាប់លោកបានគីមូន យន្តហោះគ្មានមនុស្សបើក ត្រូវគ្មានអាវុធ និងត្រូវតែប្រើប្រាស់ក្នុងកម្មវត្ថុតែមួយគឺប្រមូលព័ត៌មាន។ ប៉ុន្តែនៅប្រទេសប៉ាគីស្ថាន តាំងពីឆ្នាំ២០០៤ សហរដ្ឋអាមេរិកបានបង្កើនការប្រើប្រាស់យន្តហោះDrone នេះបើវាយប្រហារទៅតំបន់កុលសម្ព័ន្ធ តំបន់ពាក់កណ្តាលស្វយ័ត នៅភាគនិរតី ប្រទេសជាប់ព្រំប្រទល់អាហ្វហា្កនិស្ថាន ជាតំបន់ដែលពិបាកជ្រៀតចូលជាទីបំផុត។
បើគិតចាប់ពីឆ្នាំ២០០៨មក Droneអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណជាងបីរយគ្រាប់លើ ប៉ាគីស្ថាន និងសម្លាប់ភាគច្រើនពួកអ៊ីស្លាមជ្រុលនិយមអស់ជាងពីរពាន់នាក់។ តែប្រភពខ្លះថាមានស្លាប់ជាង៣៥០០នាក់។ ថ្វីបើអាមេរិក ការពារអំពីសមត្ថភាពបាញ់ត្រង់របស់ឌ្រូន ប៉ុន្តែមានចំនួនជនស៊ីវិលច្រើនណាស់បានបាត់បង់ជីវិត រហូតបង្កបង្កើតឱ្យមានទស្សនៈប្រឆាំងនិងស្អប់អាមេរិកនៅប៉ាគីស្ថាន។
ប៉ាគីស្ថានដែលថវិកាប្រមាណ២០% ចំណាយទៅលើវិស័យយោធា ទល់នឹង២%ប៉ុណ្ណោះសម្រាប់វិស័យអប់រំ។ ហេតុដូច្នេះហើយបានជានៅថ្ងៃម្សិលមិញនេះ លោកបានគីមូនបានអំពាវនាវឱ្យប៉ាគីស្ថានគិតគូរអំពីបញ្ហាអភិវឌ្ឍន៍ អប់រំ ការងារ មកធ្វើជាអាទិភាពទន្ទឹមនឹងសន្តិសុខ។ ទស្សនកិច្ចរបស់លោកអគ្គលេខាធិការអ.ស.ប.នេះក៏ប្រព្រឹត្តទៅជួន ចំពេលដែលប៉ាគីស្ថាននិងឥណ្ឌាកំពុងតានតឹងនឹងគ្នាខ្លាំងនៅតំបន់ កាស្មៀផង និងខួបឯករាជ្យ៨០ឆ្នាំរបស់បាគីស្ថានផង។ តាំងពីបានឯករាជ្យ១៩៤៧មក ឥណ្ឌានិងប៉ាគីស្ថានបានធ្វើសង្គ្រាមនឹងគ្នាបីលើក ក្នុងនោះពីរលើកព្រោះជម្លោះនៅកាស្មៀ៕ដោយ អៀង សុខម៉ិញ (RFI)