បុរសម្នាក់ប្រើកាំបិតកាប់ប្រពន្ធស្លាប់នៅក្នុងចម្ការដំឡូង
ទោះបីប្រទេសកម្ពុជាបានបង្កើត ច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សាក៏ដោយ ប៉ុន្តែអំពើហិង្សាកាប់សម្លាប់គ្នានៅក្នុងសង្គមកម្ពុជា នៅតែកើតមាន ។ មូលហេតុនៃការប្រើអំពើហិង្សា រហូតឈានទៅដល់ការកាប់សម្លាប់គ្នានេះ ត្រូវបានគេមើលឃើញថា បណ្ដាលមកពីកត្តាបូកផ្សំជាច្រើនប្រភេទ ដូចជា ជម្លោះពាក្យសំដីនៅក្នុងក្រុមគ្រួសារ ប្ដីប្រច័ណ្ឌប្រពន្ធ ប្រពន្ធប្រច័ណ្ឌប្ដី និងខ្វះការអប់រំជាដើម។
ជាក់ស្ដែងនៅក្នុងខេត្តប៉ៃលិន មានបុរសជាស្វាមីម្នាក់ បានប្រើកាំបិតកាប់ប្រពន្ធស្លាប់នៅក្នុងចម្ការដំឡូង។ បុរសនោះមាន ឈ្មោះ ដុំ សុវណ្ណ អាយុ ៤១ឆ្នាំ ខឹងនឹងប្រពន្ធ ក៏ផឹកស្រា ហើយយកកាំបិតផ្គាក់កាប់សម្លាប់ប្រពន្ធរបស់ខ្លួននៅក្នុងចម្ការដំឡូងមួយ ស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។ ក្រោយកើតហេតុប៉ូលិសខេត្តប៉ៃលិន បានចាប់ខ្លួនបុរសជាស្វាមី ដែលកាប់សម្លាប់ប្រពន្ធក្រោមការចោទប្រកាន់ពីបទ អំពើមនុស្សឃាតដោយចេតនា។
នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ៃលិន លោក អ៊ុក គា បាននិយាយនៅថ្ងៃទី៣១ ឧសភា ២០១២ថា ហេតុការណ៍ប្ដីយកកាំបិតកាប់សម្លាប់ប្រពន្ធនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៨ ឧសភា ២០១២។ ស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ អ៊ួង មុំ អាយុ ៤៣ឆ្នាំ មានមុខរបរជាកម្មករ ធ្វើការងារនៅក្នុងចម្ការដំឡូងនៅក្នុងខេត្តប៉ៃលិន៕